(ភ្នំពេញ)៖ កងពលតូចថ្មើរជើងលេខ៧០ រកឃើញម្ចាស់ជ័យលាភីការរត់ម៉ារ៉ាតុន ចម្ងាយ៨គីឡូម៉ែត្រសម្រាប់បុរស និង៥គីឡូម៉ែត្រសម្រាប់នារី ដើម្បីទៅចូលរួមប្រកួតកីឡាថ្នាក់ជាតិផ្សេងៗ ពេលខាងមុខនេះ។
ការប្រកួតរត់ម៉ារ៉ាតុនដើម្បីស្វែងជើងខ្លាំងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ និងមានការចូលរួមពី យុទ្ធជនចំនួន១៥៥នាក់ យុទ្ធនារីចំនួន៥៤នាក់។
ការប្រកួតនេះត្រូវបានបែងចែកជា២ប្រភេទ ដោយការរត់សម្រាប់បុរសមានចម្ងាយ៨គីឡូម៉ែត្រ ស្មើនឹង១២ជុំ និងការរត់សម្រាប់នារីមានចម្ងាយ៥គីឡូម៉ែត្រ ស្មើនឹង៨ជុំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា គោលបំណងនៃការរត់ម៉ារ៉ាតុននេះ គឺដើម្បីរក្សាសុខភាពរបស់កងទ័ពឲ្យបានរឹងមាំ និងពិសេសដើម្បីបង្កើននូវការសាមគ្គីភាពរវាងមិត្តរួមអាវុធក្នុងជួរអង្គភាព ឲ្យចេះជួយយកអាសារគ្នា។
ជាលទ្ធផលសម្រាប់ការប្រកួតនេះ ម្ចាស់ជ័យលាភីបានលើទៅយុទ្ធជន៣រូប៖ លេខ១ឈ្មោះ ទូច ភារ៉ា, លេខ២ឈ្មោះ កៅ វិចិត្រ, លេខ៣ឈ្មោះ យាន ទិយីម ដោយឡែកខាងយុទ្ធនារី៣រូប៖ លេខ១ឈ្មោះ នុត សុធារ័ត្ន, លេខ២ឈ្មោះ ធឿន ស៊ីនីន និងលេខ៣ឈ្មោះ សូ ស៊ីណា៕