(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំរៀបចំផែនការ បើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ការបើកវគ្គបំប៉នជំនាញដល់កងរាជអាវុធហត្ថខេត្តនេះ គឺចង់ឲ្យកម្លាំងទាំងអស់បានស្វែងយល់ និងក្រេបចំណេះដឹង វិន័យកងទ័ព ទទួលបានព័ត៌មានវិជ្ជាថ្មីៗ បច្ចេកវិជ្ជាជឿនលឿនថ្មីៗ និងក្រមសីលធម៌កងទ័ព។
លោកមេបញ្ជាការបានបន្តថា ចំណេះដឹងទាំងអស់នឹងធ្វើឲ្យកម្លាំងកងរាជអាវុហត្ថទទួលបានចំណេះជំនាញ សាមគ្គីភាពផ្ទៃក្នុងបានល្អ គោរពវិន័យ ឆន្ទៈសេចក្តីថ្លៃថ្នូរ ធ្វើឲ្យពលរដ្ឋទុកចិត្តចំពោះកងកម្លាំងអាវុធហត្ថផងដែរ។
សូមជម្រាបថា តាមការគ្រោងទុក វគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ របស់បញ្ជាការគ្រោងបើកនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
វគ្គបំប៉នជំនាញកងរាជអាវុធហត្ថរបស់ខេត្តកំពង់ស្ពឺលើកនេះ នឹងអញ្ជើញគ្រូបង្គោលដែលមានកិត្តិយស និងធ្លាប់ធ្វើជាគ្រូឧទ្ទេសថ្នាក់ជាតិ មកធ្វើបទបង្ហាញដល់នាយទាហាន នាយទាហានរង ឲ្យបានជ្រួតជ្រាបផងដែរ៕