(ភ្នំពេញ)៖ ការប្រកួតវិញ្ញាសារដោះ និងផ្គុំអាវុធ AK47 ដោយប្រើដៃម្ខាង និងការប្រើដៃ២ របស់កងពលតូចថ្មើរជើងលេខ៧០ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ រកឃើញម្ចាស់ជ័យលាភីហើយ ដោយការដោះដៃម្ខាងបានទៅលើយុទ្ធនារី និងការដោះដៃ២បានទៅលើយុទ្ធជន។
ការប្រកួតដោះ និងផ្គុំអាវុធនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អួង សំកត់ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ និងមានការចូលរួមពីនាយទាហាន នាយទាហានរង នៃបណ្ដាអង្គភាពចំណុះកងពលលេខ៧០ជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក អួង សំកត់ បានលើកឡើងថា ដែលបង្កើតឲ្យមានការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីធ្វើការហ្វឹកហ្វឺនដល់ពលទាហានទាំងអស់ ឲ្យមានការចេះស្ទាត់ពីការដោះ និងផ្គុំអាវុធ ហើយមួយវិញទៀត ដើម្បីពលទាហានមានភាពរហ័សរហួនបន្ថែមទៀត។
យ៉ាងណាមិញ លោកមេបញ្ជាការរងរូបនេះ បានបង្ហាញពីមោទនភាពចំពោះការប្រកួតនេះ ព្រោះថា វាជាលើកទី១ហើយ ដែលកងពលតូចលេខ៧០ រៀបចំការប្រកួតដោះ និងផ្គុំអាវុធ AK47 ដោយប្រើដៃតែម្ខាង។ លោកឧត្តមសេនីយ៍ឯក បន្ថែមថាក្រៅពីវិញ្ញាសារនេះ នៅថ្ងៃស្អែកក៏មានការប្រកួតរត់ម៉ារ៉ាតុង និងវិញ្ញាសារកីឡាកងទ័ពថែមទៀតផង។
សូមជម្រាបថា ការប្រកួតវិញ្ញាសារដោះ និងផ្គុំអាវុធនេះ ជ័យលាភីលេខ១សម្រាប់ការដោះដោយប្រើដៃម្ខាង បានទៅលើយុទ្ធនារីឈ្មោះ ហែម ចាន់ពិសី មកពីទ័ពពិសេសប្រឆាំងភេរវកម្ម នៃកងពលតូចលេខ៧០ និងជ័យលាភីលេខ១ សម្រាប់ការដោះដោយប្រើដៃ២ បានទៅលើយុទ្ធជនឈ្មោះ អ៊ុ ចន្ធី មកពី វរសេនាតូចលេខ២ នៃកងពលតូចលេខ៧០៕