(កំពង់ធំ)៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ប្រកបដោយចក្ខុវិស័យ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់ នាំយកថវិកា និងសម្ភារមួយចំនួនចុះសួរសុខទុកលោក ព្រិនបាលឯក ឡេង ប៊ុនស្រស់ អាយុ៤១ឆ្នាំ ជាមន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់ ដែលមានជម្ងឺលើសឈាមពិការមួយចំហៀងខ្លួន រស់នៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នាឱកាសនោះលោក អ៊ុក កុសល បានសម្តែងនូវភាពសោកស្តាយ និងចូលរួមរំលែកទុក្ខដោយក្រៀមក្រំដល់រូបលោក ឡេង ប៊ុនស្រស់ និង គ្រួសារដែលទទួលរងគ្រោះ ដោយសារជម្ងឺមកយាយីកាលពីពេលកន្លងទៅ។ លោកបានធ្វើលើកឡើង ប្រកបដោយភាពលើកទឹកចិត្ត ក្នុងការប្រកបរបរចិញ្ចឹមជីវិត ដោយមិនត្រូវអស់សង្ឃឹមឡើយ ការជួបជុំតែងតែជួបនូវជម្ងឺ និងបញ្ហាផ្សេងៗ ហើយថវិកា និងសម្ភារទាំងអស់នេះ នាំយកមកក្នុងគោលបំណងជួយសម្រួលដោះស្រាយ ក៏ដូចជា ការរំលែកនូវសេចក្តីទុក្ខលំបាកដោយមិនមានភាពរើសអើង និងជួយសម្រួលដោះស្រាយដល់ការលំបាក បានមួយគ្រាផងដែរ។
ចុងក្រោយ លោកបានប្រសិទ្ធពរឲ្យលោក ឡេង ប៊ុនស្រស់ ខិតខំប្រឹងប្រែងព្យាលបាល និងហាត់ប្រាណដើម្បីឆាប់បានជាសៈស្បើយពីរោគារ។ លោក ប្រាក់ សាខន ត្រូវជាឪពុករបស់លោក ឡេង ប៊ុនស្រស់ បានសម្តែងសេចក្តីថ្លែងអំណរ អគុណដល់ថ្នាក់ដឹកនាំនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរពីសេចក្តីទុក្ខលំបាក របស់មន្ត្រីដែលជួបនូវបញ្ហា៕