(រតនគិរី)៖ យ៉ាងហោចណាស់ម៉ូតូប្រមាណ២០០គ្រឿង ត្រូវបានឈ្មួញវៀតណាម បានជួលឲ្យដឹកឈើប្រណិត ដោយមានការបើកភ្លើងខៀវពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ខិលខូចមួយចំនួនតូច ដាក់កម្លាំងលើកំណាត់ផ្លូវជាតិ៧៨ (កុងត្រូលជជុះ) បើកច្រករបៀងលេខ១៩ ហៅច្រកចេញបារី ឲ្យឆ្លងកាត់ទៅវៀតណាម ដោយគ្នានការទប់ស្កាត់។
តាមសមត្ថកិច្ចតូចតាចម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះថា សកម្មភាពនេះ កើតឡើងយ៉ាងអាណាធិបតេយ្យ ពោលគឺគ្មានមន្រ្តីរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេ។
រីឯក្រុមអ្នកដឹកឈើតាមម៉ូតូ បានប្រាប់ឲ្យដឹងថា ពួកគាត់ដឹកឈើក្នុងមួយយប់ ២-៣ជើង ដោយ១ជើង ត្រូវលុយចំនួន១៥០,០០០រៀល បង់ជូនមេព្រៃ និងសមត្ថកិច្ចជាច្រើន ស្ថាប័នដាក់ពង្រាយគ្នា តាមដងផ្លូវជាតិលេខ៧៨។
ពួកគាត់បានប្រាប់បន្តទៀតថា ក្នុង១យប់ អាចចំណេញលុយ២០០,០០០រៀល ទៅ៣០០,០០០រៀល ហើយប្រភពឈើ ទិញពីបងប្អូនជនជាតិនៅស្រុកអូរយ៉ាដាវ ដែលចូលកាប់ និងអារដឹកពីព្រៃសហគមន៍ និងឧទ្យានជាតិអូរយ៉ាដាវ៕