(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា កម្លាំងអាវុធហត្ថរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមចាប់បានជនដៃដល់ដែលចាក់សម្លាប់ ជនរងគ្រោះនៅក្នុងបន្ទប់ទឹក ផ្ទះបើក Internet កណ្តាលក្រុងតាខ្មៅបានហើយ នៅលើទឹកដីខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា «ជនដៃដល់យើងតាមចាប់បាននៅមុននេះបន្តិច នៅតាមផ្លូវក្នុងខេត្តសៀមរាប​ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រហែលកំពុងធ្វើដំណើរទៅផ្ទះឪពុករបស់ខ្លួន»។ បើតាមលោកឧត្តមសេនីយ៍ត្រី មូលហេតុដែលសួរនាំជំហ៊ានដំបូង គឺជនសង្ស័យជំពាក់លុយគេ ដោយសារតែលេងហ្គេមចាញ់ ដូច្នេះក៏មានគំនិតចាក់សម្លាប់ប៉ងប្លន់ទ្រព្យសម្បត្តិ តែយ៉ាងណានោះ គឺនៅបន្តការសួរនាំឲ្យលម្អិតសិន។

លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ផងដែរថា «ប្រតិបត្តិការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងដោយមានការចង្អុលបង្ហាញ និងបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដោយត្រូវតែចាប់ឃាតកឲ្យបាន»។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Internet (មានហ្គេមតាមអនឡាញ) និងស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ។

មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងថា បើយោងតាមការស្រាវជ្រាវ នៅមុនពេលកើតហេតុ ជនសង្ស័យបានចេញចូល បន្ទប់ទឹកចំនួន៣ដង ក្រោយមកក៏មកប្រាប់ជនរងគ្រោះថា បន្ទប់ទឹកស្ទុះឲ្យជនរងទៅមើលបន្តិច។ លុះពេលជនរងគ្រោះដើរទៅមើលដល់បន្ទប់ទឹក ជនសង្ស័យក៏ដើរទៅពីក្រោយ រួចច្រានចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាពចាក់សម្លាប់ នៅក្នុងបន្ទប់ទឹកនោះតែម្តង។ លុះចាក់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានដើរចេញពីបន្ទប់ មកប្រាប់បុគ្គលិកហាងម្នាក់ទៀតថា ជនរងគ្រោះដួលក្នុងបន្ទប់ទឹកបែកក្បាលហូរឈាម ជួយទៅមើល និងជួយជូតឈាមឲ្យគេផង ប៉ុន្តែបុគ្គលិកម្នាក់ទៀតនេះ បានឃើញជនសង្ស័យដៃកាន់កាំបិតក៏ស្ទុះរត់ ចេញក្រៅផ្ទះ ទៅប្តឹងនគរបាលឲ្យមកជួយអន្តរាគមន៍ ភ្លាមនោះនគរបាលបានចុះមកដល់ក៏ប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកបាត់ទៅហើយ។ ចំណែកឯជនសង្ស័យក៏បានគេចខ្លួនបាត់៕