(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កែម សារិន ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ជាអ្នកវិនិយោគ សហការជាមួយក្រសួងការងារ បានចុះធ្វើត្រួតពិនិត្យ អធិការកិច្ចលើក្រុមហ៊ុន Seatel ស្ថិតនៅតាមផ្លូវ៤៣០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធទាំងឡាយណា សម្រាប់បុគ្គលិកដែលកំពុងប​ម្រើការងារនៅទីនោះ តើត្រឹមត្រូវ និងគ្រប់គ្រាន់ដែរឬទេ?

ក្នុងដំណើរប្រតិបត្តិការនេះតំណាងក្រុមហ៊ុន បានសហការជាមួយនគរបាលជំនាញ បង្ហាញឯកសារពាក់ព័ន្ឋជាច្រើន ជូនសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ឯក កែម សារិន បានឲ្យដឹងថា សម្រាប់ពាក់កណ្តាលឆ្នាំ២០១៧នេះ កម្លាំងរបស់លោក បានចុះអធិការបានជាង៣០០០គោលដៅហើយ។

លោកអំពាវនាវដល់អ្នកវិនិយោគ មុននឹងយកបុគ្គលិកបរទេសមកធ្វើការ សូមមកធ្វើបែបបទ បំពេញច្បាប់ជាមុនសិន។ សម្រាប់ក្រុមហ៊ុនមួយនេះមានបុគ្គលិកសរុបចំនួន១០៧ នាក់ ដែលមាន៦សញ្ជាតិ។ បើតាមលោក កែម សារិន សម្រាប់បុគ្គលិកទាំងនេះ គឺពួកគេមានឯកសារត្រឹមត្រូវទាំងអស់ បន្ទាប់ពីពិនិត្យរួចមកនោះ។

សូមបញ្ជាក់ថា កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាប ជនជាតិចិន៧៣នាក់ ដែលចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet នៅ៣រាជធានី-ខេត្ត ពោលគឺនៅរាជធានភ្នំពេញ, ខេត្តកំពត និងខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេនសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា ទីតាំងទី១៖​បង្ក្រាបនៅ​ភ្នំពេញ ដោយសហការជាមួយកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ ​ចំនួន​០៧គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៥នាក់ ក្នុងស្រី១១នាក់។ ទីតាំងទី២៖​បង្ក្រាបនៅខេត្តកំពត សហការជាមួយកម្លាំង នៃស្នងការនគរបាលខេត្តកំពត ចំនួន០៣គោលដៅ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបានចំនួន៣៨នាក់ ក្នុងស្រី១១នាក់។ ទី៣៖បង្ក្រាបនៅខេត្តកណ្ដាល សហការជាមួយកម្លាំង នៃស្នងការនគរបាលខេត្តកណ្ដាល ចំនួន០២គោលដៅ និងដកហូតបានវត្ថុតាងមួយចំនួន៕