(ភ្នំពេញ)៖ បុរសជនជាតិចិន និងប្រពន្ធជនជាតិវៀតណាម ជាថៅកែហាងម៉ាស្សាយីហោ «ឡុងឈាន» បានត្រូវនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានបញ្ជូនមកអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសាកសួរករណីសញ្ចារកម្ម។ បច្ចុប្បន្នលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរថៅកែហាងម៉ាស្សាយីហោឡុងឈាននេះ។
បុរសជនជាតិចិនឈ្មោះPETER TAM អាយុ៦២ឆ្នាំ និងប្រពន្ធជនជាតិវៀតណាមឈ្មោះ ង្វៀង ធីគីមធី ហៅសូយ អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញឃាត់ខ្លួន កាលពីម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោឡុងឈាន មានទីតាំងស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីបម្រើសេវាម៉ាស្សា១០នាក់ និងដកហូតស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើមួយចំនួនទុកជាវត្ថុតាង ។
ក្រោយពីឃាត់ខ្លួន មនុស្សប្រុសស្រីពាក់ព័ន្ធទាំង១២នាក់ សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញ ស្នងការរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការអប់រំនិងដោះលែងស្ត្រីបម្រើសេវាម៉ាស្សា១០នាក់នេះឲ្យមានសេរីភាពវិញ៕