(ភ្នំពេញ)៖ ចោរឆក់កាបូបដែលបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់ ខណៈកូនប្រុសរងរបួសធ្ងន់នោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ រួចត្រូវបញ្ជូនទៅពន្ធនាគារព្រៃស ដើម្បីរង់ចាំវិនិច្ឆ័យទោសពេលក្រោយ។ នេះបើតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
ស្របជាមួយគ្នានេះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ អះអាងថា លោកស្នើសុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ សាច់ញាតិយល់ព្រម។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ថ្លែងថា ជនត្រូវចោទឈ្មោះ ផាន់ ម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានលោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា៣៥៣ និងមាត្រា៣៦០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចមុខសាលាបឋមសិក្សាភូមិឫស្សី ផ្លូវលេខ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពេលដែលចោរបានឆក់កាបូបនៅមុខសាលាបឋមសិក្សាភូមិប្ញស្សី នោះប្តីបានព្យាយាមជិះម៉ូតូដេញ តាមចោរឆក់កាបូប ខណៈពេលជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសអាយុជាង២ឆ្នាំ។
លុះដេញដល់មុខរោងចក្រ ផលិតមីម៉ាម៉ាចំការដូងរោងចក្រផលិតមីម៉ាម៉ា តាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ ចម្ងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រ ក៏ដេញតាមទាន់ ហើយធាក់ម៉ូតូចោរឲ្យដួល ធ្វើឱ្យម៉ូតូដែលកំពុងមានល្បឿនបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដួលបោកក្បាលនឹងគូទរថយន្តស្លាប់ប្រពន្ធ និងក្រោយមកស្លាប់ប្តីទៀត ដោយបន្សល់ទុកកូនប្រុសអាយុ២ឆ្នាំរងរបួសកំពុងព្យាបាល ។
ថ្មីៗនេះ លោក ឌី រ័ត្នខេមរុណ បានអះអាងថា លោកស្នើសុំចិញ្ចឹមក្មេងដ៏កម្សត់ម្នាក់នេះពេញមួយជីវិត និងស្នើសុំយកមកធ្វើជាកូនតែម្ដង ប្រសិនបើខាងក្រុមគ្រួសារ សាច់ញាតិយល់ព្រមប្រគល់កុមារារូបនេះមកឲ្យលោក ឌី រ័ត្នខេមរុណ។ សូមទាក់ទងលោក ឌី រ័ត្នខេមរុណ តាមរយៈលេខទូរស័ព្ទ ៖ 017 815757 ៕