(ភ្នំពេញ)៖ ក្នុងដំណើរចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៉ី ខេ វ៉ាយ អី របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ, ឆ្លើយតបនឹងសំណូមពរ ពីអ្នកចិញ្ចឹមជ្រូក សុំឲ្យបិទការនាំចូលប្រទេសជិតខាងនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសន្យាថា នឹងរៀបចំសេចក្តីជូនដំណឹង ដល់គ្រប់បណ្តារាជធានី-ខេត្តទាំងអស់ អំពីការលុបបំបាត់ការនាំចូលខុសច្បាប់ នៅ​តាម​ច្រករបៀង និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថា ការបិទការនាំចូលជ្រូកខុសច្បាប់ គឺមិនអាចទៅរួចទេ បើក្រសួងកសិកម្មចេញច្បាប់ អនុញ្ញាតឲ្យនាំជ្រូកចូលនោះ។

លោកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងយ៉ាងដូច្នេះថា «ចេះតែនិយាយថាជ្រូកនាំចូលខុសច្បាប់​ ចុះបើក្រសួង​​ចេញ​ច្បាប់​អនុញ្ញាត​ ឲ្យវាមានអីខុសច្បាប់ទៀត​។ ហើយចេះតែសន្យា​ថា ចាំពិនិត្យ​សិក្សា​សិន​ បើថែមពាក្យ​មួយឃ្លាទៀតថា ​រហូតដល់ដួលរលំអស់សិន​»។

សូមជម្រាបថា ការនាំចូលជ្រូកពីប្រទេសជិតខាង នៅតែបន្តជាបញ្ហាប្រឈមដល់កសិករ និងអ្នកចិញ្ចឹមជ្រូករបស់កម្ពុជា ដោយមិនអាចប្រកួតប្រជែងនឹងជ្រូកនាំចូលបាន ព្រោះជ្រូកនាំចូលមានតម្លៃថោកជាង ជ្រូកដែលចឹញ្ចឹមក្នុងស្រុក។ សូមបញ្ជាក់ថា ដើម្បីធានាស្ថិរភាពថ្លៃ និងតម្រូវការផ្គត់ផ្គង់ជ្រូកសាច់ក្នុងទូទាំងប្រទេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យដឹកជញ្ជូនជ្រូកសាច់រស់នាំចូលជាមធ្យមប្រមាណ១២៥០ក្បាលក្នុងមួយថ្ងៃ៕