(ភ្នំពេញ)៖ សមាគមខ្មែរ-ចិននៅកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកា «ផ្លូវសូត្រសមុទ្រ» ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន នៃក្រុងតឺចូវ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ វិនិយោគរវាងប្រទេសទាំងពីរ និងដើម្បីឲ្យសហគ្រិន និងវិនិយោគិននៃទីក្រុងតឺចូវ ធ្វើការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីប្រទេសកម្ពុជា សម្រាប់ចូលរួមក្នុងការចាប់ដៃគ្នា វិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។
នៅក្នុងវេទិកា «ផ្លូវសូត្រសមុទ្រ» ជំនួបពាណិជ្ជកម្ម កម្ពុជា-ចិន នៃក្រុងតឺចូវខាងលើនេះ មានការចូលរួមពីលោក ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា, លោក Chen Fei អភិបាលក្រុង តឺចូវ ប្រទេសចិន, លោក Xu Ning Ning ប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន និងប្រតិភូ
វិនិយោគចិនជាង៥០ក្រុមហ៊ុន ដែលរៀបចំធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលកោះពេជ្យ អាគារ City Hall ។
លោកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ជំនួបពាណិជ្ជកម្មថ្ងៃនេះ នឹងក្លាយទៅជាវេទិកាមួយដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការវិនិយោគ រវាងប្រទេសទាំងពីរ»។
លោកឧកញ៉ា បានបន្តថា «ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះសហគ្រិន ទីក្រុង តឺចូវ និងវិនិយោគិន ដើម្បីធ្វើការស្វែងយល់កាន់តែស៊ី ជម្រៅបន្ថែមទៀត អំពីប្រទេសកម្ពុជា និងចូលរួមក្នុងការចាប់ដៃគ្នា វិនិយោគលើវិស័យផ្សេងៗទៀត និងចូលរួមក្នុងការបង្កើតនូវ អន្ថប្រយោជន៍ផ្សេងៗ ចំពោះសហគ្រាស រវាងប្រទេសទាំងពីរ និងផ្ដល់ប្រយោជន៍ដល់ប្រទេសទាំងពីរ»។
លោកឧកញ៉ា បានបញ្ជាក់ថា «ប្រទេសកម្ពុជា គឺជាប្រទេសដែលត្រូវបាន គេទទួលស្គាល់ ជាប្រទេសដែលមាន គោលនយោបាយវិនិយោគ ទូលំទូលាយបំផុត នៅក្នុងបណ្ដាលសមាជិកប្រទេសអាស៊ាន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងទស្សនកិច្ចរវាងប្រទេសទាំងពីរ ក៏អាចច្រើនឡើងៗ»។
ប្រធានសមាគមខ្មែរ-ចិនរូបនេះ បានបង្ហាញនៃក្ដីសង្ឃឹមថា នៅថ្ងៃអនាគត ប្រទេសទាំងពីរ នឹងអាចពង្រឹកការទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងវប្បធម៌និងសង្គម ការវិនិយោគ ក៏ដូចជាការអភិវឌ្ឍ ក្នុងវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម និងវិស័យទេសចរណ៍ ហើយក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅលើគ្រប់វិស័យរវវាងក្រុមហ៊ុនទាំងពីរប្រទេស តាមរយៈការជម្រុញជាបណ្ដើរៗ នៃខ្សែក្រវ៉ាតមួយវិថីមួយ។
លោក ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វេទិការថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា-ចិន ព្រោះថា កន្លងទៅថ្មីៗនេះ មានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក្នុងជំនួបទាំងនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែជម្រុញ និងលើកទឹកចិត្ត សម្រាប់វិនិយោគិន នៃបណ្តាប្រទេសទាំងពីរ។
លោកថា «នៅក្នុងជំនួបនោះ ប្រធានាធិបតីចិន បានលើកឡើងថា ឆ្នាំ២០២០ នឹងជម្រុញឲ្យភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជា ឲ្យបាន២លាននាក់ ដើម្បីជម្រុញបង្កើនសេដ្ឋកិច្ចកម្ពុជា ឲ្យមានការកើនឡើង»។
លោក Chen Fei អភិបាលក្រុង តឺ ចូវ បានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុន ប្រមាណជាង៣៣០ នៃក្រុង តឺចូវ បានកំពុងធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយនឹងបណ្ដាលប្រទេសអាស៊ាន ដែលរួមមាន វិស័យសំខាន់ៗជាច្រើន។
លោក Chen Fei បានឲ្យដឹងទៀតថា ចាប់ពីខែមករា ដល់ឧសភាឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូល រវាងទីក្រុង តឺចូវ ជាមួយនឹងបណ្ដាប្រទេសអាស៊ាន មានរហូតទៅដល់១,៨៤០លានយ័នមានការកើនឡើង៥៧.៩ភាគរយ និងជាពិសេសនៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្ម រវាងទីក្រុង តឺចូវ និងកម្ពុជា មានរហូតជាង១៥លានយ័ន ដែលមានកើនឡើង ៥៦.៨ភាគរយ៕