Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនសង្កាត់លេខ៣ ក្រុងព្រះសីហនុ រក្សាខ្សែក្រវ៉ាត់៤អាណត្តិជាប់គ្នាៗ ថ្ងៃនេះលោក កាន់ ឡឹង ត្រូវបានប្រកាសឲ្យ កាន់តំណែងជាចៅសង្កាត់ផ្លូវការ

03-07-2017 14:52

(ព្រះ​សីហនុ)​៖ ​លោក​ កាន់​ ឡឹង​ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ចៅសង្កាត់​លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ នៅ​ថ្ងៃទី០​៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ដោយ​ចៅសង្កាត់​គំរូ​រូប​នេះ​ជាប់​ជា​ចៅសង្កាត់​៤អាណត្តិ​ជាប់​គ្នា​ៗ មកហើយ ពោលគឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ ដល់ឆ្នាំ​​២០១៧នេះ​។

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ អាណត្តិទី៤ ក្រុងព្រះសីហនុនេះ​ ធ្វើ​ឡើង​ក្រោមអធិបតីភាព លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ​ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ សមាជិកក្រុមការងារចុះជួយសង្កាត់លេខ៣ កងកម្លាំងប្រជាកាពារសង្កាត់ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋផងដែរ។

លោក កាន់ ឡឹង កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៥០ នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៨៦ លោកបានផ្លាស់ទីលំនៅទៅរស់នៅ កំពង់សោម ដែល​បច្ចុប្បន្នជាខេត្តព្រះសីហនុ។

មុននឹងជាប់ឆ្នោតក្លាយ ជាចៅសង្កាត់លេខ៣ នៅឆ្នាំ២០០២ លោកធ្លាប់ធ្វើជាប្រធានក្រុម អនុប្រធានភូមិ ប្រធានភូមិ និងធ្លាប់ធ្វើជាចៅសង្កាត់រងអស់រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០២។ លុះដល់មានការរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០០២ នៅប្រទេសកម្ពុជា លោកត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឲ្យឈរនៅលេខរៀងទី១ នៃបញ្ជីឈ្មោះបេក្ខភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ហើយត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រដោយ សម្លេងច្រើនលើសលុប និងបានធ្វើជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីពេលនោះមក។

ក្នុងមុខតំណែងជាចៅសង្កាត់លេខ៣ លោកបានខិតខំបំពេញការងារ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ពីចិត្តពីថ្លើម។ ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងសង្កាត់ត្រូវបានអភិវឌ្ឍជាលំដាប់ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ប្រជាពលរដ្ឋដែលមានវ័យចាស់ និងក្រលំបាក តែងតែទទួលបានការយកចិត្តទុកដាក់ គិតគូរជួយដោះស្រាយ និងជួយឧបត្ថម្ភជាថវិកា អង្ករ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីលោកចៅសង្កាត់លេខ៣។

តាមរយៈសកម្មភាពនេះ លោកទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងកាន់តែមានប្រជាប្រិយភាពពីមួយអាណត្តិទៅមួយអាណត្តិ។ រហូតដល់ឆ្នាំ២០០៧ ឆ្នាំ២០១២ និងថ្មីៗ២០១៧នេះ លោកត្រូវបានជាប់ឆ្នោតធ្វើជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មកដល់បច្ចុប្បន្ន។ ជារួមលោកបានជាប់ឆ្នោតជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចំនួន ៤ អាណត្តិ គិតចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន​។

សូមបញ្ជាក់ថា សម្រាប់សង្កាត់លេខ៣នេះ លោក ជួន ណារិន្ទ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ជាស្នងការនគរបាលខេត្តនោះ គឺជាប្រធានគណៈពង្រឹងសង្កាត់ផងដែរ៕