(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ សូមចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាម និងបញ្ជូនកូនៗរបស់ខ្លួនទៅមន្ទីរពេទ្យ បើសង្ស័យថាមានជំងឺគ្រុនឈាមនេះ សូមកុំបញ្ជូនទៅគ្រូខ្មែរ ព្យាលបាលឲ្យសោះ ព្រោះវានឹងមានហានិភ័យខ្ពស់ ឈានដល់បាត់បង់ជីវិត។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះ រីករាលនៅតាមមូលដ្ឋានរបស់យើង និងធ្វើយ៉ាងណាការពារកុមារ ដែលជាកូនចៅរបស់យើង កុំឲ្យកើតជំងឺគ្រុនឈាម ក្នុងការកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម យើងត្រូវរួមគ្នាជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ប្រជាពលរដ្ឋ ពិសេសមាតាបិតា ដែលជាអាណព្យាបាលកុមារ ត្រូវយកចិត្ដទុកដាក់ ធ្វើការសម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយធ្វើការកប់ ឬដុតចោលនូវត្រឡោកដូង សំបកកំប៉ុង កង់ឡាន និងវត្ថុដក់ទឹកផ្សេងៗទៀត ដែលអាចជាប្រភពជំរករបស់ដង្កូវ ទឹកមូសខ្លា ។ សូមលាងសម្អាតពាង ឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រីសម្រាប់ឲ្យស៊ីដង្កូវទឹក សូមដាក់ថ្នាំសំលាប់ដង្កូវទឹកក្នុងពាង តាមការណែនាំរបស់ភ្នាក់ងារសុខាភិបាលរួមគ្នាបំផ្លាញដង្កូវទឹក ដែលជាប្រភពបង្កជំងឺ គ្រុនឈាម ឲ្យបានយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឲ្យឆ្លងដាលមកដល់កូនចៅរបស់យើង»។
ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បានថ្លែងផងដែរថា «ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ឆ្នាំ២០១៧នេះ គឺជំងឺគ្រុនឈាមមានចំនួន១,១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%) គឺករណីជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង ៨០%បើធ្រៀបនឹងទៅរយៈពេលដូចគ្នាក្នុងការឆ្នាំ២០១៦ ដែលមានចំនួន ២,៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)»។
លោកវេជ្ជបណ្ឌិត បន្ថែមថា ជំងឺគ្រុនឈាម ឆ្នាំ២០១៧នេះ មុខសញ្ញាដែលងាយឆ្លងជាងគេ គឺនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប កណ្ដាល និងកោះកុង ៕