(កំពង់ធំ)៖ ដោយសារតែឥទ្ធិពលគ្រឿងស្រវឹងធ្វើឲ្យបុរសម្នាក់ បើករថយន្ដក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្ដធុនធំមួយគ្រឿង ដែលកំពុងឈប់ឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើរម្នាក់ស្លាប់ និងខ្លួនរងរបួស។
ហេតុការណ៍នេះកើតឡើងយប់ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ តាមបណ្ដាយផ្លូវជាតិលេខ៦ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលកំពុងធ្វើការត្រួតពិនិត្យតាមដងផ្លូវ ហើយពេលនេះក៏មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៌ស គា្មនស្លាកលេខ ឈប់ឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ស្រាប់តែពេលកំពុងត្រួតពិនិត្យនោះ ក៏មានរថយន្ដមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2AG-5731 បើកក្នុងទិសដៅស្របគ្នា មកបុកពីក្រោយពេញទំហឹងតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងរថយន្ដ Highlander នោះជិះគ្នា២នាក់ ដែលអ្នកបើកបរឈ្មោះ គួន គឹមសៀប អាយុ៣៥ឆ្នាំ នៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៌ រងរបួសធ្ងន់ ដោយឡែកអ្នករួមដំណើរជាមួយឈ្មោះ អ៊ុត គឹមតី អាយុ២៩ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកនគរបាលជំនាញបានយកអ្នកបើកបរនោះទៅពិនិត្យជាត់អាល់កុលទើបដឹងថា បុរសម្នាក់នោះមានជាតិអាល់កុលខ្ពស់ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
ក្រោយធ្វើការវាស់វែងរួច កម្លាំងនគរបាលជំនាញ បាននាំអ្នកបើកបរ និងរថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះសា្រយតាមច្បាប់៕