(សៀមរាប)៖ គណៈប្រតិភូចិនចំនួន២៧នាក់ អតីតនិស្សិតសាកលវិទ្យាល័យ FUDAN ក្រុងសៀងហៃ បានមកទស្សនកិច្ចតំបន់អង្គរ ព្រមទាំងចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ពីបន្ថែមពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នាចុងសប្តាហ៍កន្លងទៅនេះ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការ របស់អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ដោយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីកិច្ចការគ្រប់គ្រងនិងរៀបចំតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងវប្បធម៌ និងវិស័យទេសចរណ៍។

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណៈប្រតិភូចិន បានបញ្ជាក់ថា គណៈប្រតិភូទាំង២៧នាក់ភាគច្រើន ទើបមកកាន់កម្ពុជាជាលើកដំបូង ដែលអ្នកខ្លះជាសាស្ត្រាចារ្យសាកលវិទ្យាល័យ និងអគ្គនាយកក្រុមហ៊ុន ដែលមានជំនួញលើវិស័យអប់រំ អចលនទ្រព្យ ទេសចរណ៍ រចនាម៉ូតអលង្ការ សំណង់ជាដើម។ ប្រធានដឹកនាំក៏បានបន្តទៀតដែរថា «ពួកយើងមកទស្សនកិច្ចម្តងនេះ ក្រៅពីដើរកម្សាន្ត គឺមកដើម្បីស្វែងយល់ពីតំបន់អង្គរ និងស្វែងរកលទ្ធភាពវិនិយោគទៅលើផ្នែកណាមួយនៅទីនេះថាមានអ្វីជាអាទិភាព»។ លោកក៏បានសម្តែងការអរគុណ ចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានធ្វើនូវបទបង្ហាញពីតំបន់អង្គរ ព្រមទាំងឆ្លើយតបរាល់សំណួរ និងផ្តល់យោបល់ជាច្រើនទាក់ទងនឹងជំនួញអាទិភាពក្នុងតំបន់អង្គរ។

លោក ហង់ ពៅ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ ដែលមានបំណងចង់ស្វែងយល់ពីអង្គរ ហើយមានបំណងចង់វិនិយោគនៅទីនេះ ដែលជាកត្តារួមចំណែកក្នុងការជួយសេដ្ឋកិច្ចកម្ពុជា។ ចំពោះការវិនិយោគនៅក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរាត្រៀមនឹងចូលរួម ជួយផ្តល់យោបល់រាល់គម្រោងទាំងអស់ មុននឹងដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីឱ្យគម្រោងទាំងនោះអនុវត្តបាន៕