(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក ប៊ុន ចំរើន ប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៣៥គំរូ ដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀត សរុប៣៥គំរូ មកពិសោធន៍។
ក្នុងប្រតិបត្តិការនេះលោក ប៊ុន ចំរើន បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៣៥គំរូនោះ គ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញ ខ្ទឹមស និងខ្ទឹមក្រហម សង្ស័យមានសំណល់ ដែលមានជាតិ ថ្នាំសម្លាប់សត្វល្អិត និងបានយកទៅពិនិត្យបន្ត នៅអគ្គនាយកដ្ឋាន ដើម្បីមើលឲ្យច្បាស់ថា តើមានពិតប្រាកដដែរអត់។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។
ជាមួយគ្នានោះ លោកសាន់ ប៊ុណ្ណា ប្រធានផ្សារបន្លែផ្សារច្បារអំពៅ ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានចុះមកពិនិត្យ ដើម្បីរកសារធាតុគីមីនេះផងដែរ៕