Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៦លានដុល្លារ សម្រាប់​ផ្តល់​អាហា​រូបករណ៍ឲ្យនិស្សិត​កម្ពុជាទៅ​សិក្សា​នៅប្រទេសជប៉ុន (Video inside)

03-07-2017 12:26

(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សា ២០១៧ និង២០១៨ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបជិត ៦លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជាអាហារូបករណ៍ដល់និស្សិតឲ្យទៅសិក្សានៅប្រទេសជប៉ុន។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

បើតាមសេចក្តីជូនព័ត៌មាននេះ បានឲ្យដឹងថា ពិធីចុះហត្ថលេខាទទួលជំនួយនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

សេចក្តីជូនព័ត៌មានបានបញ្ជាក់ដែរថា ជំនួយហិរញ្ញប្បទានឥតសំណងនេះ ប្រើសម្រាប់អនុវត្តន៍គម្រោងចំនួនពីរ៖

១៖ ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ចំនួន ២៨៦លានយ៉េនជប៉ុន (ប្រហែល ២,៥ លានដុល្លារ) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស (៣ឆ្នាំរំកិល) សម្រាប់ឆ្នាំសិក្សា ២០១៧ និង
២៖ ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ចំនួន ៣៦៣លានយ៉េនជប៉ុន (ប្រហែល ៣, ២៧ លានដុល្លារ) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា ២០១៨។

បើតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងផងដែរថា ចាប់ផ្តើមតាំងពីឆ្នាំ២០០០មក និស្សិតកម្ពុជារាប់រយនាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តម ក្នុងជំនាញទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ ការអភិវឌ្ឍច្បាប់ និងតុលាការ ក្នុងចំណោមជំនាញផ្សេងទៀត។ រហូតមកដល់ឆ្នាំ២០១៦ និស្សិតកម្ពុជាចំនួន ២៧៥នាក់ បានបញ្ចប់ការសិក្សាពីកម្មវិធីអាហារូបករណ៍នេះ និងបានបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា៕