(ព្រះសីហនុ)៖ មន្រ្តីរាជការអង្គភាពថវិកាមកពីខេត្តចំនួន៥ រួមមានខេត្តតាកែវ កំពត កែប ព្រះសីហនុ និងខេត្តកោះកុង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានទទួលការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ថវិកាជាតិ។ ការបណ្តុះបណ្តាលនេះ ត្រូវ បានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមាន៤ដំណាក់កាលសំខាន់ៗ ហើយបាននិងកំពុងឈានឡើងជាជំហានៗពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។
លោករដ្ឋលេខាធិកា បានបញ្ជាក់ថា ការកែទម្រង់នេះកម្ពុជាបាន ទទួលជោគជ័យគួរជាទីមោទនៈដោយនៅដំណាក់កាលទី១ ការកសាងទទួលបាននូវភាពជឿទុកចិត្តនៃថវិកា (២០០៥-២០០៨) និង ដំណាក់កាលទី២ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ហើយបច្ចុប្បន្ននេះបានឈានដល់ឆ្នាំទី៣ នៃដំណាក់កាលទី៣ សំដៅជំរុញការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងជាចំណុចរបត់មួយដ៏សំខាន់ មានវិសាលភាពធំទូលាយ និងកាន់តែស្មុគស្មាញជាមុន ដោយសារមានក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពកាន់តែច្រើនឡើង ត្រូវចូលរួមអនុវត្ត ថវិកាកម្មវិធីពេញលេញសាកល្បង និងអង្គភាពថវិកា។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថា ដើម្បីឈានទៅសម្រេចបានតាមគោលបំណងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី ក្នុងគោលបំណងរៀបចំក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត ដើម្បីអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា សំដៅធានាថា ការវិភាជន៍ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និងកត់ត្រាបានត្រឹមត្រូវតាមមាតិកាថវិកា, មាតិកាគណនេយ្យ និងស្របតាមកម្មវិធី, អនុកម្មវិធី និងសកម្មភាពតាមការគ្រោងទុក។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា «ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចង្អុលទិសដៅច្បាស់លាស់ និងលើកទឹកចិត្តខ្ពស់លើការងារកសាង និង អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ កសាងសមត្ថភាពជំនាញពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពតាមការគ្រោងទុក»។
លោកបណ្ឌិត បានសង្កត់ធ្ងន់ និងរំពឹងទុកយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» នាពេលនេះ នឹងជំរុញតម្រង់ទិសការអនុវត្តតួនាទីភារកិច្ច នៃមន្ទីរ អង្គភាពជំនាញនីមួយៗឲ្យឈានទៅសម្រេចបានលទ្ធផលផ្លែផ្កា ឆ្លើយតបបានទាន់ពេលវេលាទៅតាមតម្រូវការនៅតាមអង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់គ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍ឱ្យបានសកម្ម និងផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ។
លោករដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលថែមទៀតជូនដល់មន្រ្តីរាជការនៃមន្ទីរ អង្គភាពជំនាញនៃបណ្តាខេត្តដទៃទៀត នៅទូទាំងប្រទេស សម្រាប់រួមចំណែកពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ក៏ដូចជាចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងអង្គភាពថវិកា ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌនៃអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាពនៃការអភិវឌ្ឍ។
លោកស្រី ហៀក ហ៊ីមុលី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញចំណាប់អារម្មណ៍ និង លើកឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការចាំបាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការបង្កើនសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា។
លោកស្រីបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសមត្ថភាព មន្ត្រីកំពុងបម្រើការងារនៅក្នុងខេត្តពិតជាមានសារៈសំខាន់ ឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាពមន្ត្រីរាជការនៃមន្ទីរ-អង្គភាពជំនាញជាក់ស្តែង និង ទាន់ពេលវេលា ពិសេសវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា» ដែលនឹងរួមចំណែកសំខាន់ដល់ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៃមន្ទីរជំនាញទាំង៧ ក្នុងឆ្នាំ២០១៧នេះ។
បើតាម លោក ហ៊ាន សាហ៊ីប បានឲ្យដឹងថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ លើជំនាញពាក់ព័ន្ធនីតិវិធីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ជូនក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមការងារថវិកា, រជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់ជាដើមនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលចំនួន៤៤វគ្គ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន រួមបញ្ចូលទាំងប្រធាន អនុប្រធានមន្ទីរ និង អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុ នៃខេត្តទាំង៥ខាងលើនេះដែរ ដែលមានសិក្ខាកាមសរុបចំនួន៣,៥៣០នាក់ កាលពីឆ្នាំ២០១៦កន្លងទៅ ហើយគិតត្រឹមខែមិថុនា ឆ្នាំ ២០១៧នេះ មានវគ្គបណ្តុះបណ្តាលចំនួន១៥វគ្គ ត្រូវបានរៀបចំឡើងដោយមានសិក្ខាកាមសរុបប្រមាណ២,០២៩នាក់ បានចូលរួមសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ និងផ្លាស់ប្តូរបទពិសោធន៍ ហើយពួកគេទាំងអស់ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា៕