(ភ្នំពេញ)៖ តាមរយៈសំណូមពររបស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ ក៏ដូចជានិយោជកថៃ កាលពីរសៀលថ្ងៃសុក្រ កន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានសម្រេចព្យួរការ អនុវត្តច្បាប់ដ៏តឹងរឹងចំពោះពលករបរទេសរបស់ខ្លួនមួយរយៈពេល ហើយច្បាប់រឹតបណ្តឹងនេះធ្វើឡើងមិនមែនសម្រាប់កម្ពុជានោះទេ គឺសម្រាប់ប្រទេសទាំងអស់ដែលមានពលករធ្វើការនៅថៃ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ហេង សួរ បានបញ្ជាក់ថា «តាមរយៈសំណូមពររបស់កម្ពុជា មីយ៉ាន់ម៉ា ឡាវ ក៏ដូចជានិយោជកថៃ កាលពីរសៀល ថ្ងៃសុក្រកន្លងទៅនេះរាជរដ្ឋាភិបាលថៃ បានសម្រេច ព្យួរការអនុវត្តច្បាប់របស់ខ្លួនមួយរយៈ។ នៅថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ ឯកឧត្តម អ៉ិត សំហេង នឹងដឹកនាំប្រតិភូកម្ពុជាទៅជួបជាមួយសមភាគីថៃ»។
លោកបានបន្ថែមថា ដោយឡែកសម្រាប់ពលករកម្ពុជាវិញ បន្ទាប់ពីមានការសម្របសម្រួលពីភាគីកម្ពុជា រដ្ឋាភិបាលថៃ បានសម្រេចថា នឹងអនុគ្រោះដល់ពលករខ្មែរ ដែលមានបណ្ណពណ៌ស៊ីជម្ពូ (កាតអនុញ្ញាតឱ្យធ្វើការដល់ពលករ ដែលមិនទាន់ស្របច្បាប់) ឱ្យអាចបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសខ្លួនបាន ប៉ុន្តែមិនអនុញ្ញាត ឱ្យដូរថៅកែនោះទេ។
លោក ហេង សួរ បានថ្លែងថា «ថៃបានចេញច្បាប់ថ្មីនេះ គឺសម្តៅអនុវត្តលើពលករបរទេសមកពី មីយ៉ាន់ម៉ា ឡាវ កម្ពុជា វៀតណាម បង់ក្លាដេស។ល។ គឺសម្រាប់ពលករដែលចូលធ្វើការនៅថៃ, ដោយឡែកសម្រាប់កម្ពុជា គឺភាគីថៃបានផ្តល់ការអនុគ្រោះជាងគេ ដោយថៃអនុញ្ញាតឲ្យពលករដែលមានប័ណ្ណស៊ីជម្ពូអាចស្នាក់នៅ និងធ្វើការបន្តដោយ ស្របច្បាប់នៅទីនោះ។ ប៉ុន្តែភាគីថៃ សំណូមពរសូមឲ្យបងប្អូនពលករកុំផ្លាស់ប្តូរថៅកែ និងកុំឈប់សម្រាកញឹកញាប់»។
លោកបានបន្ថែមទៀតថា ភាគីថៃ បានកោតសរសើរដល់សមត្ថភាពពលករកម្ពុជា ហើយប្តេជ្ញាសហការជាមួយ កម្ពុជា ជំរុញការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជា ដែលមានកាន់ប័ណ្ណពណ៌ស៊ីជម្ពូរឲ្យកាន់តែលឿន។
សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីៗមួយ ដោយធ្វើការរឹតបន្តឹងខ្លាំងក្លាទៅលើពលករបរទេស ដែលទៅធ្វើការងារនៅប្រទេស។ ច្បាប់នេះ មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែថៃ ទាំងឡាយណា ដែលធ្វើការខុសច្បាប់ ឬទទួលយកពលករបរទេសធ្វើការដោយមិនមានច្បាប់អនុញ្ញាត។ ច្បាប់ថ្មីៗនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ពលករបរទេសរាប់លាននាក់ ដែលកំពុងធ្វើការ នៅប្រទេសថៃ ក្នុងនោះមាន កម្ពុជា ភូមា ឡាវ វៀតណាម និងបង់ក្លាដេសជាដើម៕