(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដោយពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន២។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។
តាមការប្រកាសរបស់រដ្ឋសភា របៀបវារៈចំនួន២ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាត្រួតពិនិត្យនេះ រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌាន អេនើជី II ឯក និងទី២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុនអាឡិច ខបភើរេសិន៕