(ប៉ៃលិន)៖ ក្នុងឱកាសដែល លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញក្រោមឱវាទ បានអញ្ជើញចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ី ខេ វ៉ាយ អី ស្ថិតនៅក្នុងភូមិអូរសួស្តី សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃផលិតកម្មជ្រូក និងស្ថានភាពនៃការផ្គត់ផ្គង់ជ្រូកនៅខេត្តប៉ៃលិន, លោកឧកញ៉ា ជា គា អគ្គនាយកក្រុមហ៊ុន បានលើកឡើងនូវបញ្ហាប្រឈមរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការចំណាយថ្លៃដើម ផលិតចំណីសត្វនៅមានកម្រិតខ្ពស់ និងបានសំណូមពរដល់លោលរដ្ឋមន្ត្រី ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក ខុសច្បាប់ពីក្រៅប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃទីផ្សារ អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។
លោកឧកញ៉ា ជា គា បានបន្តថា សព្វថ្ងៃនេះកសិកដ្ឋានរបស់លោក មិនត្រឹមតែមិនអាចរកប្រាក់ចំណេញបាននោះទេ ថែមទាំងខាតថ្លៃដើមទៀតផង ព្រោះទីផ្សារសាច់ជ្រូកនៅក្នុងស្រុក ចំណាយច្រើនទៅលើការចិញ្ចឹម។
ជាការឆ្លើយតប លោក វេង សាខុន បានបញ្ជាក់ថា ចំពោះបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួបប្រទះនេះ លោកបានចាត់ឱ្យអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ចុះសិក្សាស្វែងយល់ពីខ្សែរសង្វាក់ផលិតកម្មជ្រូក នៅប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពិនិត្យមើលកត្តាគន្លឹះ នៃការកាត់បន្ថយថ្លៃដើមលើការផលិត ហើយរៀបចំ សេចក្តីជូនដំណឹងដល់គ្រប់បណ្តារាជធានី-ខេត្តទាំងអស់ អំពីការលុបបំបាត់ការនាំចូលខុសច្បាប់ នៅតាមច្រករបៀង និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ទាំងអស់គ្នា។
លោករដ្ឋមន្ត្រី ក៍បានកោតសសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលខិតខំពង្រីកលទ្ធភាព ក្នុងការផលិត និងផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារ ដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ ជូនប្រជាពលរដ្ឋ មានការងារធ្វើនៅក្នុងស្រុក ជៀសវាងការធ្វើចំណាកស្រុក ជាពិសេសបានជួយជំរុញផលិតផលក្នុងស្រុក។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ី ខេ វ៉ាយ អី បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១២មកម្ល៉េះ ដោយបានវិនិយោគលើផ្ទៃដីទំហំ៩០ហិចតា មានជ្រូកមេពូជចំនួន ៣,០០០ក្បាល, បាពូជចំនួន ៦៥ក្បាល ជ្រូកសាច់ចំនួន ២៥,៥០០ក្បាល និងប្រើប្រាស់ចំណីអស់១៩,៨០០តោន អាចមានលទ្ធភាពផលិតកូនបានចំនួន ៦,០០០ក្បាលក្នុងមួយខែ និងជ្រូកសាច់បានប្រមាណ ៧២,០០០ក្បាលក្នុង១ឆ្នាំ ហើយផ្គត់ផ្គង់ទីផ្សារក្នុងមួយថ្ងៃ១៧០-២០០ក្បាល (ក្នុងខេត្ត៤០ក្បាល និងក្រៅខេត្ត ១៥០-១៦០ក្បាលក្នុងមួយថ្ងៃ) ដោយមានបុគ្គលិកបម្រើការចំនួន១៧២នាក់៕