(ព្រះវិហារ)៖ ឃុំឆែបពីរ ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺជាឃុំមួយដែលគ្រប់គ្រង ដោយគណបក្សប្រឆាំងអស់រយៈពេល ពីរអាណត្តិកន្លងមកហើយ ប៉ុន្តែនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ជយ័ជម្នះជាប្រធានក្រុមប្រឹក្សាឃុំ បានមកលើគណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រងវិញ។
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំឆែបពីរ អាណត្តិទី៤។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងនូវការសប្បាយរីករាយ និងចូលរួមអបអរសារទរចំពោះជយ័ជម្នះ ដែលគណបក្សប្រជាជនកម្ពុជា ដណ្តើមបាននៅឃុំឆែបពីរនេះ ព្រោះថារយៈពេលពីរអាណត្តិឃុំឆែបពីរ ត្រូវបានដឹកនាំ និងគ្រប់គ្រងដោយបក្សប្រឆាំង។
លោកបានថ្លែងថា «ស្របពេលដែលយើងទទួលបាន ជយ័ជម្នះមកវិញ យើងត្រូវខិតខំប្រឹងប្រែងបំរើសេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្តបានទាន់ពេលវេលា ក្រោមអនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យលឿន ធ្វើឲ្យបាន និងមានប្រសិទ្ធិភាព និងត្រូវកំណត់ការងារអាទិភាព សំរាប់ដោះស្រាយជូន ប្រជាពលរដ្ឋដូចជា បញ្ហាដីធ្លី ទឹកស្អាត អនាម័យ ការពារធនធានធម្មជាតិ ទប់ស្កាត់គ្រឿងញៀន ពិសេសត្រូវពង្រឹងការអនុវត្តន៏ គោលនយោបាយភូមិឃុំឲ្យមានប្រសិទ្ធិភាព»។
នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានប្រកាសផ្តល់ជូនសាលាឃុំមួយខ្នង សាងសង់អំពីថ្ម ជាការលើកទឹកចិត្ត ដល់រដ្ឋបាលឃុំឆែបពីរផងដែរ៕