អភិបាលខេត្តកំពង់ស្ពឺ ចូលរួមសម្ភោធសាលា អន្ដរជាតិសេចក្ដី សង្ឃឹមតែមួយ របស់អង្គការបេសកកម្ម នៃក្ដីស្រលាញ់ នៅស្រុកគងពិសី
02-07-2017 14:40
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមសម្ភោធអគារសិក្សា សាលាអន្តរជាតិសេចក្តីសង្ឃឹមតែមួយ នៃអង្គការបេសកកម្ម នៃក្តីស្រលាញ់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី។
ពិធីនេះក៏មានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធ មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបចំនួន៥០០នាក់។
លោក វ៉ី សំណាង បានថ្លែងសាលារៀនថា គឺជាថ្នាលបណ្តុះបណ្តាលឲ្យក្មេងជំនាន់ក្រោយ ទទួលបានចំណេះដឹង វិជ្ជាជីវៈគ្រប់ចំណេះជំនាញ។
បន្ថែមពីនេះ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិសេចក្តីសង្ឃឹមតែមួយ នៃអង្គការបេសកកម្ម នៃក្តីស្រលាញ់ ដែលបានសាងសង់នៅអាគារសិក្សា ជូនក្មេងដើម្បីមានឱកាសបានសិក្សារៀនសូត្រ ដោយលោកសង្ឃឹមថា ខាងមុខអង្គការនឹងផ្តល់ជូននៅការសិក្សាដល់ក្មួយៗ ឲ្យបានប្រសើរ និងទទួលបានចំណេះដឹងដ៏ល្អផងដែរ៕