(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំំ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ បានណែនាំដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ និងបន្តផ្តល់សេវាសាធារណៈឲ្យអស់ពីចិត្តពីថ្លើម ឲ្យបានលឿនរហ័ស និងមានតម្លាភាព។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-៦-១៩៥១ ដល់ ២៨-៦-២០១៧)នេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ក្រសួង ថ្នាក់ខេត្ត ស្រុក គណបក្សឃុំ សាខាបក្សភូមិ សមាជិកបក្ស ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបជាង ៨០០នាក់។
បន្ទាប់ពីលោកប្រធានស្តីទីគណបក្សស្រុកបារាយណ៍ បានឡើងអានសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជារួចមក លោក ថោង ខុន បានបញ្ជាក់បន្ថែមជូនអង្គមិទ្ទិញអំពីប្រវត្តិស្នាដៃ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារកសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេរ រហូតមានការរីចចម្រើន លើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏កាន់តែប្រសើរឡើងជាលំដាប់ផងដែរ។ យើងទាំងអស់គ្នាជាសមាជិក គណបក្សប្រជាជន ត្រូវប្តេជ្ញាបន្តថែរក្សា និងការពារសមិទ្ធផល ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជន បានខិតខំកសាងឲ្យស្ថិតនៅគង់វង់ជារៀងរហូត ដោយមិនឲ្យមជ្ឈដ្ឋានអគតិ ឬបក្សប្រឆាំងណាមួយមកបំផ្លិចបំផ្លាញបានឡើយ។
លោក ថោង ខុន បានរំលឹកដល់អង្គមិទ្ទិញពីការឃោសនាបោកបញ្ឆោត ការសន្យា និងល្បិចកលបោកប្រាស់របស់បក្សប្រឆាំង ដើម្បីអូសទាញសំឡេងឆ្នោត ក្នុងពេលបោះឆ្នោតសកល ឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងមកនេះ។ ជាងនេះទៀត បក្សប្រឆាំងមិនដែលបានធ្វើអ្វី ឬកសាងសមិទ្ធផលអ្វីជូនប្រជាពលរដ្ឋឡើយ គឺមានតែការបោកប្រាស់ មួលបង្កាច់ ការឃោសនាភូតកុហក មើលងាយប្រជាពលរដ្ឋ និងការសន្យាខ្យល់តែប៉ុណ្ណោះ។
លោក ថោង ខុន ក៏បានណែនាំដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ថា «ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម និងបន្តផ្តល់សេវាសាធារណៈ (ទាំងសេវាតម្រូវការ និងសេវាសំណូមពរ) ជូនប្រជាពលរដ្ឋមូលដ្ឋាន ឲ្យបានលឿនរហ័ស និងមានតម្លាភាព»។
ដើម្បីឈានទៅសម្រេចជោគជ័យ សម្រាប់គណបក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ ខាងមុខនេះ លោក ថោង ខុន បានណែនាំដល់ក្រុមការងារគណបក្សស្រុក ឃុំ សាខាបក្សឃុំ យុវជនឃុំភូមិ និងក្រុមប្រឹក្សាឃុំ ត្រូវបន្តកិច្ចសហការ និងរួមកម្លាំងគ្នា ដើម្បីបន្តចុះជាប់មូលដ្ឋានតាមភូមិ ក្រុម ខ្នងផ្ទះ និងគ្រួសារបក្ស ដើម្បីគ្រប់គ្រងពង្រឹង និងពង្រីកសមាជិកបក្ស ការធ្វើអំពើល្អ និងការពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់នានានៅមូលដ្ឋាន ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសគឺការជំរុញចលនាប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកបក្សគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា៕