(ភ្នំពេញ)៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០១៧​​នេះ ​បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលបណ្តាញលូ និងប្រឡាយ នៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា ដោយបានធ្វើដំណើរថ្មើរជើងជាច្រើនគីឡូម៉ែត្រ ពិនិត្យពីស្ថានភាពប្រឡាយរំដោះទឹកចេញពី៥ភូមិ នៅក្នុងសង្កាត់ចោមចៅ។

អមដំណើរអភិបាលរាជធានី លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចូះពិនិត្យមើលបណ្តាញលូ និងប្រឡាយ នៅក្នុងភូមិសាស្រ្តសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ របស់លោកអភិបាល​រាជធានី​ភ្នំពេញនេះ ធ្វើឡើងក្រោយពីមានសំណូមពរ ពីប្រជាពលរដ្ឋនៅតំបន់នេះ ដោយកន្លងមក និងនៅពេលខាងមុខនេះ ពេលមានភ្លៀងខ្លាំងម្តងៗ តំបន់នេះទទួលរងការលិចលង់។

លោក មាស ម៉េតភក្តី បន្តថា ដើម្បីដោះស្រាយពីកង្វល់ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទើបលោកអភិបាល​រាជធានី​ភ្នំពេញថ្មី ចុះមកពិនិត្យទីតាំងខាងលើជាក់ស្តែងតែម្តង ដើម្បីពិនិត្យលទ្ធភាពថា តើគួរតែធ្វើយ៉ាងណា ដើម្បីរំដោះទឹកចេញពីតំបន់នេះ ឲ្យបានល្អ និងកាត់បន្ថយឲ្យបានពីការលិចលង់។

លោក ម៉េត មាសភក្តី បន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួ​ង ស្រេង គឺពិតជាមានសំណើ និងសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយពួកគាត់។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នៅតែដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច ដោយលោកបញ្ជាក់ថា រាល់សំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ យើងនឹងអនុវត្តការងារជាអាទិភាពពមុនគេចំពោះសំណើ និងសំណូមពរណាដែលមានភាពចាំបាច់ និងប្រឈមខ្លាំង។

មួយចំណែកនៃការចុះពិនិត្យនេះ លោក ឃួ​ង ស្រេង បានពិនិត្យមើលផ្លូវបេតុង និងលូដែលកំពុងបើកការដ្ឋានស្ថាបនា ចាប់ពីផ្លូវសហព័ន្ធរុស្សី ម្តុំដងនង្គ័លដល់វិមានសព ដែលមានទទឹង១២ម៉ែត្រ បណ្តោយ៦៥០ម៉ែត្រ ដាក់លូទំហំមួយម៉ែត្រកន្លះ។ ចំពោះកាដ្ឋាននេះយើងដាក់លូសម្រេចបាន១០០ភាគរយហើយ ស្របជាមួយនឹងកាដ្ឋានធ្វើផ្លូវទើបតែ សម្រេចបាន៥០ភាគរយប៉ុណ្ណោះ ហើយការដ្ឋាននេះគ្រោងនឹងបញ្ចប់ ក្នុងរយៈពេលមួយខែទៀត។

លោក ម៉េត មាសភក្តី បញ្ជាក់ផងដែរថា ការដ្ឋានដាក់លូលើផ្លូវនេះ អាចរំដោះទឹកមួយចំណែកចេញពីតំបន់ព្រលានយន្តហោះភ្នំពេញ និងនៅក្នុងភូមិជុំវិញនេះ។

មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ជាគម្រោងដែលលោកអភិបាល​រាជធានី​ភ្នំពេញថ្មី ចុះមកពិនិត្យនេះ យើងនឹងដាក់លូអក្សរ U ទំហំ២ម៉ែត្រ៤ជ្រុង ចាប់ពីព្រៃជីសាក់ ទៅប្រឡាយភូមិចំការឱឡឹក បន្តទៅបឹងតាប៉ែន ហូរទំលាក់ទៅប្រឡាយទួលសំពៅ។ បណ្តាញលូដែលត្រូវស្ថាបនាឡើង មានប្រវែង៣គីឡូម៉ែត្រ។

ប្រឡាយលូនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពី៥ភូមិ គឺភូមិព្រៃជីសាក់ ភូមិព្រៃទា ភូមិចំការឳឡឹក ភូមិព្រៃព្រីងខាងជើងនិងភូមិព្រៃសិលា៕