(ភ្នំពេញ)៖ ហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា បានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ អមដោយបរិកាសដ៏ទាក់ទាញ។

ហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា បានបោះទុនជាង៣០ម៉ឺនដុល្លារ ក្នុងការបើកដំណើរការ ដោយចំណាយលើការតុងតែងលំអរហាងដ៏ទាន់សម័យ រួមផ្សំនឹងការនាំចូលរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងមានច្រើនជម្រើស សម្រាប់អតិថិជន គ្រប់វ័យ ជាពិសេសសម្រាប់យុវវ័យ។

នៅក្នុងឱកាសពិសេសថ្ងៃបើកសម្ភោធហាងថ្មីនេះ ហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា មានការបញ្ចុះតម្លៃ២០% រាល់គ្រប់ភេសជ្ជៈ ចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចុះនេះ ហាងកាហ្វេ Amazon ក៏មានការចាប់រង្វាន់ ជូនអតិថិជននូវទូរស័ព្ទដៃទំនើបៗរួមមាន៖  Sony Xperia XA1 and two Sony Bluetooth speaker និងរង្វាន់ជាច្រើនទៀត។

លោកស្រី ថុង ណាត់ស្យា តំណាងក្រុមហ៊ុន Comoasis Co.,Ltd និងជាតំណាងម្ចាស់ហាង Amazon បានបញ្ជាក់ឲ្យដឹងថា ហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា នេះជាសាខាដំបូងរបស់ក្រុមហ៊ុន ដែលទទួលបានទិញសិទ្ធិស្របច្បាប់ ពីក្រុមហ៊ុន PTT នៅប្រទេសថៃ។

លោកស្រី ថុង ណាត់ស្យា បានបន្តថា ការបើកហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា គឺយើងបានចំណាយថវិកាចំនួនជាង៣០ម៉ឺនដុល្លារ។ លោកស្រីថា ការជ្រើសរើសទីតាំងនៅផ្សារសុវណ្ណា ដោយសារតែសំឡឹងឃើញថា ទីតាំងនេះជាកន្លែបណ្តុំទៅដោយអ្នកធ្វើអាជីវកម្មច្រើន និងជាកន្លែងពេញ​និយមរបស់យុវវ័យ។ ចំពោះការសម្រេចបើកហាងកាហ្វេ Amazon នេះ ដោយសារតែប្រជាជនកម្ពុជា គាំទ្រលើផលិតផល Brand កាហ្វេ Amazon ហើយភាគច្រើននៃប្រជាពលរដ្ឋកម្ពុជាពេញនិយមក្នុងការពិសាកាហ្វេ។

លោកស្រី ថុង ណាត់ស្យា បន្ថែមថា ក្រៅពីផ្តល់ជូនរសជាតិឆ្ងាញ់របស់កាហ្វេ Amazon ការបើកហាងនេះ បានការងារដល់សិស្សនិស្សិតផងដែរ។

លោកស្រីតំណាងក្រុមហ៊ុនរូបនេះ បានបន្តថា ហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា នឹងផ្តល់ជូនអតិថិជន នូវសេវាកម្មល្អ ហើយខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យរសជាតិដើមរបស់កាហ្វេ នៅតែមានរសជាតិឆ្ងាញ់ និងធ្វើឲ្យអតិថិជនមានការពេញចិត្ត។

លោក Chat Chay Sang Aroon តំណាងអ្នកចែកចាយកាហ្វេ Amazon របស់ក្រុមហ៊ុន PTT ដ៏ធំប្រចាំនៅប្រទេសថៃ បានឲ្យដឹងថា ចំណុចពិសេសរបស់កាហ្វេ Amazon គឺ រសជាតិកាហ្វេឆ្ងាញ់ និងបរិយាកាសល្អ រសជាតិកាហ្វេដែលយើងយកមកទទួលទាន មិនប៉ះពាល់ដល់សុខភាព ហើយអាចតម្រូវការតាមការកម៉្មង់របស់អតិថិជន។

លោកបន្តថា ក្រុមហ៊ុន PTT បានលក់ម៉ាកនេះដល់កម្ពុជា តាំងពីឆ្នាំ២០១៣ ហើយសន្ទុះនៃការគាំទ្រលើការនិយម ពិសារកាហ្វេ Amazon មានច្រើនជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា។

លោកថា កាហ្វេ Amazon បានបើកដំណើការក្នុងតំបន់អាស៊ានរួមមាន ប្រទេសឡាវ ភូមា ហ្វីលីពីន និងកម្ពុជា នៅក្នុងចំណោមប្រទេសទាំងអស់នោះ ប្រទេសកម្ពុជា គឺទទួលបានការលក់ដាច់ច្រើនជាងគេ។ ការទិញសិទ្ធិបើកហាង Amazon នៅក្រៅស្ថានីយរបស់ PTT គឺចំណាយ៨ពាន់ដុល្លារ ចំណែកនៅក្នុងស្ថានីយ៍របស់ PTT មិនចំណាយលើការទិញសិទ្ធិនោះទេ។

លោក Chat Chay ថា វិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជា គឺមានការគាំទ្រ និងនិយមក្នុងការពិសាកាហ្វេ ហើយនៅកម្ពុជាសំបូរទៅដោយ ហាងកាហ្វេជាច្រើន។ Amazon គឺជាជម្រើសមួយរបស់ ប្រជាជនកម្ពុជា។

លោកស្រី ថុង ណាត់ស្យា បានបញ្ជាក់ ក្រុមហ៊ុនគ្រោងនឹងបើកដំណើរការ ហាងកាហ្វេ Amazon បន្ថែម២សាខាទៀត ក្នុងនោះមានសាខាទួលគោក ហើយចំពោះដើមទុនវិញ គឺអាចអាចំណាយលើសពី៣០ម៉ឺនដុល្លារផងដែរ។

រហូតមកដល់ពេលនេះ ហាងកាហ្វេ Amazon មានចំនួន៤៤សាខាហើយនៅកម្ពុជា ក្នុងនោះហាងកាហ្វេ Amazon សាខាផ្សារសុវណ្ណា គឺជាសាខាទី៤៤៕