(បាត់ដំបង)៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន «វុឌ្ឍន៍ សុភាព» បុកអ្នកសុំទានម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយអ្នកបើកបររត់គេចខ្លួនបានស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅនាវេលាម៉ោង០១៖៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចក្រុមទី៨ ភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វុឌ្ឍន៍ សុភាព» ពាក់ស្លាកលេខភ្នំពេញ 3C-6730 បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ១៥៧ ពេលមកដល់ចំណុចខាងលើ ស្រាប់តែមានអ្នកថ្មើរជើងម្នាក់ដែលគេស្គាល់គាត់ថា ជាអ្នកដើរសុំទាន ដែលមានអាយុប្រហែលជាង៦០ឆ្នាំ បានដើរឆ្លងផ្លូវថ្នល់ ក៏ត្រូវរថយន្តក្រុងនោះបុកស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នកបើកបរបានរត់គេចខ្លួនតែម្ដង។
បច្ចុប្បន្នរថយន្ដក្រុងត្រូវបានកម្លាំងនគរបាល យកទៅរក្សាទុកនៅអធិការស្រុកសង្កែ ហើយសពត្រូវបានយកទៅទុកនៅវត្តតាមឹម ដើម្បីរង់ចាំសាច់ញាតិ៕