(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត (Emirates) ដែលជាក្រុមហ៊ុនដ៏ល្បីរបស់ពិភពលោក បានបើកការហោះហើរជាលើកដំបូង មកកាន់កម្ពុជាដោយជោគជ័យ នៅម៉ោង៩៖២៥នាទីយប់ថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០១៧នេះ ជាមួយយន្តហោះប្រភេទ Boeing 777។

ការហោះហើរមកកាន់ទឹកដីកម្ពុជា ជាលើកដំបូងនេះ គឺជាការសម្ពោធការបើកដំណើរការជាផ្លូវការ ជើងហោះហើរប្រចាំថ្ងៃ របស់់ក្រុមហ៊ុនអាកាសចរណ៍ Emirates។  
 
ការហោះហើរនេះ ធ្វើឲ្យ Emirates ក្លាយជាក្រុមហ៊ុន អាកាសចរណ៍តែមួយគត់ ដែលប្រើយន្តហោះ Boeing 777 ទៀងទាត់ សម្រាប់អ្នកដំណើរឆ្ពោះ មកកាន់រាជធានីភ្នំពេញ ដោយមានថ្នាក់ពីរប្រភេទ គឺសម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) និងសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class)។

សេវាហោះហើរថ្មីនេះ គឺប្រតិបត្តិការជាមួយជើងហោះហើរលេខ EK 388 ដោយចាកចេញពីព្រលានយន្តហោះអន្តរជាតិ ទីក្រុងឌូបៃនៅម៉ោង០៩៖១៥នាទី ម៉ោងក្នុងស្រុក មកដល់យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង៥៖២៥នាទីល្ងាច។ បន្ទាប់មកវានឹងចេញពីទីក្រុងយ៉ាំងហ្គូន នៅម៉ោង៦៖៥៥នាទីល្ងាច មុនពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង០៩៖២១នាទីយប់។

ការហោះហើរត្រឡប់មកវិញ តាមជើងហោះហើរលេខ EK389 នឹងចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង ១១៖១០នាទីយប់ ហើយនឹងទៅដល់ទីក្រុងឌូបៃ នៅម៉ោង០៥៖៤០នាទីព្រឹក នៅថ្ងៃបន្ទាប់ក្រោយពីឈប់មួយភ្លែត នៅទីក្រុងយាំងហ្គូន។

សម្រាប់ការមកដល់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីនេះ។

សម្តេចតេជោ លើកឡើងថា Air Emirates មកកាន់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ដោយសារតែកម្ពុជា មានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ទាក់ទាញបានវិនិយោគទុនជាតិ និងអន្តរជាតិ យ៉ាងច្រើនមកបណ្តាក់ទុន ខណៈកំណើនទេចរណ៍ ក៏កំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយព្រលានយន្តហោះកម្ពុជា ក៏កំពុងរៀបចំពង្រីក និងកែលម្អបំពាក់ ដោយឧបករណ៍ទំនើបៗ ដែលបង្កលក្ខណៈកាន់តែងាយស្រួល ដល់អ្នកទេសចរនិងពាណិជ្ជករ។

សូមជម្រាបថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើសេវាកម្មល្អដាច់គេ ជាប់ចំណាត់ថ្នាក់លេខ៤ លើពិភពលោក ប្រចាំឆ្នាំ២០១៧។  ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ឌូបៃ បានអភិវឌ្ឍន៍ទៅជាក្រុមហ៊ុន ដែលមានយន្តហោះអាចធ្វើដំណើរបានយូរជាងគេលើពិភពលោក និងប្រើប្រាស់យន្តហោះ Airbus A380 ដែលមានទំហំធំ និងល្បឿនលឿន និងយន្តហោះ Boeing 777 ជាយន្តហោះដែលមានរូបរាងធំទូលាយ៕