(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានជូនដំណឹងឲ្យដឹងថា រដ្ឋាភិបាលថៃ បានកែសម្រួលព្រះរាជក្រឹត្យស្តីពី ការគ្រប់គ្រង ការធ្វើការរបស់ពលករបរទេស ឆ្នាំ២០១៧ គឺក្នុងគោលបំណងបន្ថែមទំងន់ទោសដល់និយោជក ដែលប្រើប្រាស់ពលករបរទេស ដែលពុំទាន់មាន ឯកសារស្របច្បាប់ និងក្រុមហ៊ុនដែលនាំពលករបរទេស មកធ្វើការនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះបានឲ្យដឹងថា «សូមបងប្អូនពលករកម្ពុជាទាំងអស់ រក្សាភាពស្ងៀមស្ងាត់ ព្រោះស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កំពុងតែពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចថៃ ជួយសម្រួលកុំឲ្យមានការចុះត្រួតពិនិត្យពលករកម្ពុជា ដែលពុំមានឯកសារគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ»។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានបញ្ជាក់ថា ពលករកម្ពុជាដែលមានបំណងចង់មកធ្វើការនៅប្រទេសថៃ ដើម្បីជៀសវាងការ ចាញ់បោកមេខ្យល់ ដែលឆ្លៀតឳកាសបោកប្រាស់បងប្អូនក្នុងការរៀបចំឯកសារមកធ្វើការស្របច្បាប់ សូមមេត្តាទំនាក់ទំនងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលបានទទួលការអនុញ្ញាតពីក្រសួងការងារ៕