(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានចុះសំណេះសំណាល និងដាក់ផែនការជូន ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមតាមមូលដ្ឋាន ដែលមកពីទូទាំងប្រទេស ២៥រាជធានី-ខេត្ត ចំនួនជាង១០០នាក់ ដើម្បីបន្តពង្រឹង និងពង្រីកបន្ថែមសំឡេងគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋឥស្លាម ដោយធ្វើយ៉ាងណារក្សាកម្លាំងចាស់ និងគៀងគរសំឡេងថ្មី បោះឆ្នោតជូនគណបក្សប្រជាជននាឆ្នាំ២០១៨ខាងមុខ។
ជំនួបពិភាក្សា និងចាត់តាំងផែនការដល់ថ្នាក់ដឹកនាំគណៈចលនាតាមមូលដ្ឋាននេះ ប្រារព្ធធ្វើនៅមជ្ឍមណ្ឌលម៉ូឌែន ខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។
លោកប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ក៏បានដាក់ផែនការណ៍ជូនដល់ថ្នាក់ដឹកនាំឥស្លាម តាមមូលដ្ឋានទាំងអស់ រៀបចំស្ថិតិព័ត៌មានទូទៅ នៃសាសនិកឥស្លាមទូទាំងប្រទេស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាការបំពេញជូននូវតម្រូវការចាំបាច់នានាជូនពួកគាត់។
លោករដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានកោតសសើរពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាតាមមូលដ្ឋាន ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ជាមួយនឹងកិច្ចសហការយ៉ាងល្អ របស់មន្រ្តីគណៈចលនាពីថ្នាក់កណ្តាលដល់មូលដ្ឋាន ធ្វើឲ្យសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា របស់សាសនិកឥស្លាម ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ គឺបានទទួលជ័យជម្នះ និងភាគរយខ្ពស់ហួសពីការស្មាន ជាពិសេសការិយាល័យ ដែលមានសាសនិកឥស្លាមរស់នៅច្រើន គឺសុទ្ធតែបានសម្លេងបក្សប្រជាជនឈ្នះដាច់ខាត៕