(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញថ្មី លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្តារលូដែលមានទាំងអស់នៅក្នុងរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សានេះ។ ការជំរុញបែបនេះរបស់លោកឃួង ស្រេង ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យមើលសកម្មភាពកាយប្រឡាយស្ទឹងមានជ័យ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់ដោយជំនន់ទឹកភ្លៀង។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងប្រឡាយស្ទឹងមានជ័យ ដែលត្រូវអភិវឌ្ឍន៍នោះថា ទោះបីធ្វើប្រឡាយថ្មី យ៉ាងណាក៏ដោយ ពលរដ្ឋដែលនៅតំបន់នោះមិនត្រូវផ្លាស់ប្ដូរទៅលំនៅទេ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញផ្ដល់ដីថ្មី កន្លែងចាស់តែម្ដង។ នេះជាការងារបម្រើ ផលប្រយោជន៍សាធារណៈជាលើកដំបូងរបស់លោក ខណៈលោកបានមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញថ្មី ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានចូលនិវត្តន៍។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យមានប្រវែង១៩០០ម៉ែត្រ និងមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយជំនន់ទឹកភ្លៀងចេញពី តំបន់ព្រលានយន្តហោះ ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ស្ទឹងមានជ័យ ដោយទម្លាក់ទឹកទៅស្ថានីយបឹងទំពុន។
មន្ត្រីរូបនេះក៏បានបញ្ជាក់ថា ប្រឡាយនេះនឹងស្ថាបនាឡើង ដោយមានទទឹងមាត់លើ១០ម៉ែត្រ ស្ថាបនាផ្លូវបេតុងសងខាងប្រឡាយម្ខាង៦ម៉ែត្រ និងម្ខាងទៀត២ម៉ែត្រ ។ ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅនឹងការអភិវឌ្ឍន៍ប្រឡាយនេះមានចំនួនប្រមាណ១០០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់ ក្រោយផលប៉ះពាល់ ហើយនឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ខណៈចុះពិនិត្យមើលស្ថានភាពប្រឡាយស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃ២៧ មិថុនា កន្លងមក លោក ឃួង ស្រេង បានជំរុញឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់គ្រឿងចក្រជាបន្ទាន់ដើម្បីកាយប្រឡាយស្ទឹងមានជ័យរំដោះទឹកចេញ៕