(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដែផ្ដាំដល់និស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឲ្យប្រឹងប្រែងបង្កើតគំនិតច្នៃប្រឌិតថ្មីៗក្នុងវិស័យបច្ចេកវិទ្យា ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពេលចុះទស្សនកិច្ច និងសំណេះសំណាលជាមួយនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (Kirirom Institute of Technology) ដែលមានទីតាំងនៅឧទ្យានជាតិគិរីរម្យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងកិច្ចសំណេះសំណាលជាមួយគ្រូៗ និងសិស្សនិស្សិត ដែលកំពុងសិក្សានៅក្នុងវិទ្យស្ថាននេះ លោក ប៉ាន សូរស័ក្តិ បានផ្ដាំឲ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សា ដើម្បីជាកម្លាំងឈានមុខ ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន តាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសដទៃទៀតនៅក្នុងសកលលោក។
លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ ឲ្យប្រឹងប្រែងបង្កើតជាគំនិតឆ្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ដែលកំពុងមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ គឺជាស្នាដៃ និងបង្កើតឡើងដោយលោក តាខេឈី អ៉ីហ៊្សូកា (Takeshi Izuka)។ លោក តាខេឈី អ៉ីហ៊្សូកា បានថ្លែងថា វិទ្យាស្ថានត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ក្នុងបំណងផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូន សិស្សនិស្សិតកម្ពុជា លើជំនាញបច្ចេកវិទ្យាដូចជា វិស្វកម្មកម្មវិធីកុំព្យូទ័រ (Software Engineering) ស្ថាបត្យកម្ម និងមុខវិជ្ជាដទៃទៀតដែលមានសក្ដានុពលខ្ពស់នៅក្នុងទីផ្សារ។
ក្នុងកិច្ចសំណេះសំណាលនោះ លោកស្ថាបនិក តាខេឈី អ៉ីហ៊្សូកា ដែលជាមិត្តភក្តិរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន បានបញ្ជាក់ថា លោកមានបំណងអញ្ជើញលោករដ្ឋមន្ត្រីជប៉ុន មកធ្វើទស្សនកិច្ចនៅក្នុងវិទ្យាស្ថានក្នុងពេលឆាប់ៗនេះផងដែរ៕