(ព្រៃវែង)៖ ដោយមានការចង្អុលបង្ហាញពី​អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីគយ នៃនាយកដ្ឋាន​បង្ការ និងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យអនុលោមភាព នៃសត្វជ្រូកនាំចូលពីប្រទេសវៀតណាម លើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចភូមិឡឹក ឃុំរំចេក ស្រុកព្រះសេ្តច ខេត្តព្រៃវែង។

មន្ដ្រីគយ បានឲ្យដឹងថា ការត្រួតពិនិត្យរថយន្តទី១នៅ​វេលាម៉ោង០៣៖០០​ទៀបភ្លឺ ដែលមកពីមាត់ច្រកបុសមន ខេត្តស្វាយរៀង និងរថយន្តទី២នៅវេលាម៉ោង​១១៖០០​ព្រឹក ដែលមកពីមាត់ច្រក​បន្ទាយចក្រី ខេត្តព្រៃវែង ឃើញថាសត្វជ្រូកដែលនាំចូលទាំងនេះ មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​បង់ពន្ធត្រឹមត្រូវតាមចំនួន ដែលបានអនុញ្ញាតឲ្យនាំចូល និងប្រកាស។

មន្ដ្រីដដែលបន្ថែមថា ជារួមជំនាញសង្កេតឃើញថា ទំនិញជាសត្វជ្រូក ដែលបាននាំចូលពីប្រទេសវៀតណាម តាមមាត់ច្រកនានា នៅតាមបណ្តោយផ្លូវជាតិលេខ១ មានលិខិតអនុញ្ញាត្តត្រឹមត្រូវ ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និង​បានពន្ធគ្រប់ចំនួន។

ប៉ុន្ដែទោះជាលទ្ធផលទទួលបានបែបនេះក៏ដោយ ​ជំនាញនឹងបន្តអនុវត្តវិធានការណ៍ជាក់ស្តែងជាបន្តទៀត ជាពិសេសការត្រួតពិនិត្យ អនុលោមភាពឲ្យមានលក្ខណៈជានិរន្តរភាព ដើម្បីធានានូវការទប់ស្កាត់បទល្មើសរត់គេចពន្ធ និងបទល្មើសពាក់ព័ន្ធគយផ្សេងទៀត៕