(ភ្នំពេញ)៖ ម្ចាស់លំនៅដ្ឋានម្នាក់ ស្ថិតនៅភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អំពាវនាវឲ្យអាជ្ញាធរជួយ ពន្លឿនការដោះស្រាយ បញ្ហារាំងស្ទះការជួសជុលលំនៅឋានរបស់គាត់ បន្ទាប់ពីប្រជាពលរដ្ឋនៅភូមិផ្សេង បានប្តឹងតវ៉ាមិនឲ្យសាងសង់។
មន្ដ្រីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីមានជម្លោះ និងពាក្យបណ្ដឹងរបស់ពលរដ្ឋផ្សេងទៀត អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានចាត់ឲ្យមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅដោះស្រាយជាច្រើនលើកច្រើនសារ ពោលគឺតាំងពីមុនការបោះឆ្នោតមកម្ល៉េះប៉ុន្ដែបញ្ហានេះ មិនទាន់បានដោះសា្រយបញ្ចប់។ យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌដូនពេញ បានសន្យាថា នឹងបន្ដការដោះស្រាយឲ្យបានចប់នៅពេលខាងមុខ ឆាប់ៗនេះ។
អ្នកស្រី លី សុខងីម ម្ចាស់ផ្ទះខាងលើ បានរៀបរាប់ពីដំណើរសាច់រឿងថា អ្នកស្រីបានទិញលំនៅដ្ឋានចាស់ៗទាំងអស់នេះ ជាបន្តបន្ទាប់ពីតាំងពីឆ្នាំ២០១២មក ដើម្បីធ្វើការអភិវឌ្ឍន៍ប៉ុន្តែលុះដល់ឆ្នាំ២០១៧នេះ បន្ទាប់ពីបានសាងសង់មួយរយៈត្រូវបានប្រជាពលរដ្ឋ និងមេភូមិ នៅភូមិ៨ ព្រមទាំងអ្នកមានអំណាចម្នាក់នៅពីក្រោយខ្នង ដែលមិនជាប់ពាក់ព័ន្ធ និងសំណង់នេះ បានធ្វើការផ្តិតមេដៃហើយប្រឆាំងមិនឲ្យមានការសាងសង់ ខណៈដែលប្រជាពលរដ្ឋដែលជាប់នឹងសំណង់នេះ ពុំមានការជំទាស់ឡើយ។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋនៅភូមិ៨ ដែលនៅឆ្ងាយពីទីតាំងនេះ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរជាច្រើនលើកច្រើនសារ អស់ពីរឿងមួយទៅរឿងមួយទៀត មិនចេះចប់ដើម្បីរាំងខ្ទប់មិនឲ្យម្ចាស់ផ្ទះជួសជុលលំនៅដ្ឋាននេះឡើងវិញ។ ប៉ុន្តែរាល់ពេលដោះស្រាយនៅសាលាខណ្ឌ អ្នកស្រីដែលជាម្ចាស់ផ្ទះ មិនដែលឃើញមុខក្រុមអ្នកតវ៉ា និងក្រដាសពាក្យបណ្តឹងប្រឆំាងអ្នកស្រីឡើយ ហើយនៅពេលធ្វើកំណត់ហេតុក្រុមអ្នកតវ៉ាទំាងនោះ មិនចេញមុខមកផ្តិតមេដៃ ដែរ។
អ្នកស្រីបានលើកជាចម្ងល់ថា តើពួកគេតវ៉ាក្នុងគោលបំណងអ្វី ខណៈដែលពួកគេគ្មានលំនៅដ្ឋានជាប់នឹងសំណង់ ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ ខណៈដែលសំណង់របស់អ្នកស្រី បានទិសស្របច្បាប់ និងរត់ច្បាប់សាងសង់ត្រឹមត្រូវ។ អ្នកស្រី បានអះអាងថា ការរាំងស្ទះពុំបានដោះស្រាយបញ្ហានេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ មិនអាចសាងសង់សំណង់នេះឲ្យបានរួចរាល់ ដើម្បីសម្រាប់ការស្នាក់នៅនាពេលខាងមុខ ហើយអ្នកស្រីបានពន្យល់ពីរឿងរ៉ាវមួយចំនួន នៃការរាំងស្ទះមិនអាចឲ្យសំណង់នេះអភិវឌ្ឍន៍ទៅមុខបាន។
ជាមួយគ្នានេះ អ្នកស្រីក៏បានបដិសេធចោលទាំងស្រុងដែលថា ប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ប្តឹងចោទ អ្នកស្រីធ្វើផ្ទះរំលោភលើផ្លូវសាធារណៈនោះ គឺជាការបំផ្លើសទាំងស្រុង តាមពិតផ្ទះអ្នកស្រីសុទ្ធតែមានកម្មសិទ្ឋស្របច្បាប់ទាំងអស់ចំនួន៥ ដែលគាត់ចោទថា រំលោភផ្លូវសាធារណៈនោះ។ អ្នកស្រីបន្តថា ការជួសជុលផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិ៦ ហើយផ្ទះរបស់គាត់ មិនមានផ្លូវធ្លាយខាងក្រោយទេ ផ្លូវនេះសម្រាប់ប្រើប្រាស់តែ៥គ្រួសារទេ ហើយផ្ទះទាំង៥នោះ ត្រូវបានលក់ឲ្យគាត់អស់ហើយ ដូច្នេះគ្មានប្រជាពលរដ្ឋផ្សេងណា ត្រូវចេញមុខមកប្តឹងផ្តល់ថា គាត់រំលោភនោះទេ។
អ្នកស្រីឆ្ងល់ថា ឈ្មោះ មាន គឹមស្រ៊ុន និងមេភូមិ៨ ឈ្មោះ ស្រីនី ដែលដើរកៀរគរប្រជាពលរដ្ឋ នៅភូមិ៨ មកប្តឹងគាត់នេះ តើវាយ៉ាងមិច?៕