(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ចំនួន ១៤ករណីផ្សេងគ្នាជូនប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ កិច្ចពិភាក្សាដោះស្រាយទំនាស់ដីធ្លីដោយភាពទន់ភ្លន់រវាងលោកអភិបាលខេត្ត និងប្រជាពលរដ្ឋ ទីបំផុតទំនាស់ដ៏រ៉ាំរ៉ៃនេះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថារពរ។
ក្នុងជំនួបដោះស្រាយបញ្ហាដីធ្លី ដែលមានការអញ្ជើញចូលរួមពីគ្រប់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តនោះ លោក ម៉ៅ ធនិន បានលើកឡើងពន្យល់ប្រជាពលរដ្ឋថា មានការតែជជែកដោះស្រាយទើបបញ្ហាទាំងអស់ត្រូវបញ្ចប់ តែប្រសិននៅតែប្រកាន់ការរឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការ នឹងត្រូវខាតទាំងថវិកា និងពេលវេលា។
លោកបានបញ្ជាក់ដូច្នេះ «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាពរវាងបងប្អូនកូនក្មួយ និងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត។ បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទាំងថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ យើងនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ»។
សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លីទាំង១៤ករណីផ្សេងគ្នានេះ ចាប់ពីពេលនេះតទៅ។
បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ បើទោះបីថ្ងៃនេះជាថ្ងៃឈប់សម្រាកយ៉ាងណាក៏ដោយ ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចាប់តាំងពីលោក ម៉ៅ ធនិន មកដឹកនាំខេត្តពោធិ៍សាត់ បានជាង៣ឆ្នាំកន្លងមកនេះ លោកបានដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង ១៥០ករណីមកហើយ៕