(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប ក្រោមការដឹកនាំពី លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការខេត្ត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនក្រុមមេកន្ទុយលេខ៤នាក់ និងជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់ ដែលបានធ្វើឡើងនៅ៣ស្រុកផ្សេងគ្នា។
លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានប្រាប់អង្គភាព Fresh Newsថា នៅស្រុកពួក កម្លាំងនគរបាលបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) នៅចំនុចភូមិគោកដូង និងភូមិប្រយុទ្ធ ឃុំពួក ដោយឃាត់បានអ្នកលក់កន្ទុយលេខ០៣នាក់ និងម្នាក់ទៀតបង្ក្រាប់នៅ ចំណុចភូមិសង្កែមានជ័យ ឃុំកំពង់ក្តី ស្រុកជីក្រែង និងបានដកហូតវត្ថុតាងមួយចំនួនផងដែរ។
ដោយឡែកករណីគ្រឿងញៀន ត្រូវបានលោកឧត្តមសេនីយ៍ត្រីស្នងការឲ្យដឹងថា បង្ក្រាបនៅភូមិស្នារតេជោ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ជនសង្ស័យឈ្មោះ សួន ការ៉ុត អាយុ២៥ឆ្នាំ ដកហូតបានសម្ភារៈពាក់ព័ន្ធផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី បានបញ្ជាក់ថា លោកបានចាត់តាំងកម្លាំងនគរបាលខេត្ត ចេញល្បាត និងប្រចាំការ ២៤ម៉ោង/២៤ម៉ នៅស្នាក់ការនគរបាល POLICE BOX ដែលមានបំពាក់នូវកាម៉េរ៉ាសុវត្ថិភាព គ្រប់ច្រកផ្លូវសំខាន់ៗ នៅក្នុងតំបន់ផាប់ស្ទ្រីត (Pub-Street) ទាំងមូល និងល្បាតត្រួតពិនិត្យគោលដៅសំខាន់ៗ ការពារទីផ្សារ កន្លែងលក់មាស ប្តូរប្រាក់នៅទូទាំងខេត្ត៕