(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំពពក នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកា ប្រមាណ៣៥០នាក់ ប្រារព្ធខួបលើកទី៦៦ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។
លោក គង់ វិមាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលឈរលើគោលការណ៍អភិឌ្ឍន៍ បម្រើផលប្រយោជន៍ប្រជាជន ជាគោលការណ៍ចំបង ការថែរក្សាសន្តិសុខ សន្តិភាព ឯករាជ្យភាព បូរណភាពទឹកដី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រធានក្រុមការងាររូបនេះបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មៅងងឹតនៃរបបប្រល័យពួជសាសន៍ ប្តូរយកមកវិញ នូវការផ្តល់នូវជីវិតទី២ សិទ្ធិ និងសេរីភាព គ្រប់បែបយ៉ាងដល់បងប្អូនគ្រប់រូប មួយវិញទៀត ការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលមានសព្វថ្ងៃនេះ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ នៃគោលនយោបាយចាស់ទុំ របស់គណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកបានថ្លែងអំណរអរគុណចំពោះបងប្អូនដែល តែងតែងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ លើសពីនេះ លោកផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០១៨នៅពេលខាងមុខ។
លោក គង់ វិមាន បានណែនាំដល់ឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព និងរាយការណ៍ពីបញ្ហាប្រឈមមកលោកផ្ទាល់ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា៕