(កោះកុង)៖ ដើម្បីសហប្រតិបត្តការល្អ ផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មររវាងខេត្តកោះកុង និងខេត្តជីលីន នៅថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៧ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានដឹកនាំមន្រ្តីក្រោមឱវាទជាច្រើនរូប ចូលរូមក្នុងពិធីផ្សព្វផ្សាយគម្រោង និងចុះហត្ថលេខា នៃតំបន់សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មខេត្ត ជីលីន។
ឯភាគីចិនមានការចូលរួមក្រោមពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល, លោក ជី អ៊ីហ៊ុយ អភិបាលរងខេត្តជីលីន, ប្រធានក្រុមហ៊ុន ញូញៀន និងមន្រ្តីក្រោមឱវាទជាច្រើនរូប។ ពិធីផ្សព្វផ្សាយ និងចុះហត្ថលេខាត្រូវបានរៀបចំឡើង នៅតំបន់វិសាមកាល តារាសាគរ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ។
លោកស្រី មិថុនា ភូថង កោតសសើរចំពោះក្រុមហ៊ុន ញូញៀន ឌីវេឡុបមេនគ្រុប ខូអិលធីឌី ដែលបានខំអនុវត្តតាមកិច្ចសន្យា ដែលក្រុមហ៊ុនបានចុះកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៨កន្លងមក ហើយបានដំណើរការអភិវឌ្ឍ គម្រោងដោយទទួលបានសម្ធិផលជាបន្តបន្ទាប់ ពិសេសកសាងផ្លូវក្រាលកៅស៊ូតភ្ជាប់ ពីផ្លូវជាតិលេខ៤៨ ទៅតំបន់គម្រោងដែលផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាហៅថា វិធីសាយភូថង។
អភិបាលខេត្តកោះកុងបន្តថា ការផ្សព្វផ្សាយគម្រោង និងពិធីចុះហត្ថលេខា នៃតំបន់សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មកសិកម្ម ដែលបានសហការជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានចាត់ទុកវិស័យឯកជន ជាដៃគូរដ៏សំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ។
ដោយឡែកទឹកដីខេត្តកោះកុង មានឱកាសល្អប្រពៃពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ធ្វើឲ្យក្រុមហ៊ុនជាច្រើនដាក់ទុនវិយោគនៅទឹកដី នៃខេត្តកោះកុង ហើយបានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បានច្រើនទៀតផងដែរ៕