(កំពង់ស្ពឺ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធស្រុកឪរ៉ាល់ បានយកសត្វព្រៃ ទៅលែងចូលព្រៃធម្មជាតិវិញ នៅវារីអគ្គីសនីស្ទឹងច្រាលជាលើកទី២ ហើយសត្វដែលបានលែងពេលនេះមាន អណ្តើកទឹក កន្ធាយ អណ្តើកភ្នំ ដោយមានការចូលរួមពី មន្ត្រីបរិស្ថានឧទ្យានជាតិគីរីរម្យ ប្រចាំតំបន់ស្ទឹងច្រាលផងដែរ។
លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បានឲ្យដឹងថា សត្វអណ្តើក និងកន្ធាយដែលបានយកមកប្រលែង នាពេលនេះ បានមកពីការទិញបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមការទិញមកលែងនេះដែរ លោកបានអប់រំណែនាំ ដល់ពួកគាត់ឲ្យឈប់ប្រព្រឹត្តរបរចាប់សត្វព្រៃផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឲ្យកម្លាំងទូទាំងខេត្តកំពង់ស្ពឺ ត្រូវសហការបង្ក្រាបក្រុមអ្នកជួញដូរសត្វព្រៃ រួមគ្នាអភិរក្សសត្វកម្រ ឲ្យរស់នៅក្នុងព្រៃធម្មជាតិ ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យប្តូរមុខរបរពីការបាញ់សត្វលក់ ឲ្យប្រកបការងារផ្សេង៕