(ពោធិ៍សាត់)៖ មន្ត្រីអនុរក្សពន្ធនាគារ ម៤ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា អ្នកទោសដែលកំពុងជាប់នៅពន្ធនាគារព្រៃស (ម១) ចំនួន១០០នាក់ ត្រូវបានបញ្ជូនដល់ពន្ធនាគារ ម៤ ដែលទើបបង្កើតថ្មី នៅក្នុងទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសុវត្ថិភាពហើយ នៅវេលាម៉ោងប្រមាណជាង១១៖០០ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីសម្រួល និងកាត់បន្ថយចង្អៀតណែន ដោយសារអ្នកទោសច្រើនពេកនៅពន្ធនាគារព្រៃស។
សូមបញ្ជាក់ថា ភាពណែនចង្អៀតនៅក្នុងមន្ទីរឃុំឃាំងពន្ធនាគារព្រៃស ត្រូវបានមជ្ឈមដ្ឋានមួយចំនួន ក៏ដូចជា អ្នកធ្លាប់ជាប់ពន្ធនាគារ រិះគន់ថា បន្ទប់តូចចង្អៀត ប៉ុន្ដែដាក់អ្នកទោសច្រើន។ ជាក់ស្ដែងលោក យី សុខសាន្ដ មន្ដ្រីជាន់ខ្ពស់សមាគមអាដហុក ដែលត្រូវបានដោះលែងកាលពីម្សិលមិញ បាននិយាយថា បន្ទប់ដែលលោកជាប់ឃុំ គឺតូចចង្អៀតពោលទំហំ២០ម៉ែត្រការ៉េ ប៉ុន្ដែដាក់អ្នកទោសជាង២០នាក់។
យ៉ាងណាក៏ដោយ ការបង្កើតពន្ធនាគារ ម៤ នៅលើកទឹកដីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ ត្រូវបានគេមើលឃើញថា នឹងចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីលើកកម្ពស់ នៃការឃុំខ្លួនអ្នកទោស ដែលទទួលយកបានពីមជ្ឈមដ្ឋាននានា៕