(ភ្នំពេញ)៖ ដើម្បីសម្រេចមហិច្ឆតាក្នុងការជួយលើកកម្ពស់ការបណ្តុះបណ្តាលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ លោកស្រីឧកញ៉ា លឹម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុនអ៊ែតវូដ បានបោះទុនប្រមាណ ៥៦លានដុល្លារអាមេរិក សាងសង់សាលារៀនកម្រិតអន្តរជាតិមួយដោយបង្រៀន ៣ភាសាក្នុងពេលតែមួយ គឺភាសាខ្មែរ ចិន និងអង់គ្លេស ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២។
សាលាអន្តរជាតិដែលបណ្តុះបណ្តាល ៣ភាសាក្នុងពេលតែមួយនេះ មានឈ្មោះថា «ស៊ូទូ បាយលីងហ្គល អ៉ីនធើណេសិនណាលស្គូល (CAMBODIA SHOUDU BILINGUAL INTERNATIONAL SCHOOL)»។ សាលានេះ មានទីតាំងនៅក្នុងបុរីអ៊ែតវូត ជាប់នឹងក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្នអគារសាលាកម្រិតអន្តរជាតិនេះ កំពុងនឹងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ព្រមទាំងចាប់ផ្តើមការបណ្តុះ បណ្តាលរបស់ខ្លួននៅអំឡុងខែកញ្ញា ឆ្នាំ២០១៧។ អគារដែលគ្រោងសម្ពោធប្រើប្រាស់នៅខែកញ្ញានេះ គឺប្រើសម្រាប់បណ្តុះបណ្តាលពី កម្រិតមតេយ្យ រហូតដល់ថ្នាក់ទី៦ ដែលមានកម្ពស់ ៤ជាន់ និងមាន ២៧ថ្នាក់។ រីឯអគារដែលប្រើសម្រាប់បណ្តុះបណ្តាលពីកម្រិតថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ មានកម្ពស់ ៦ជាន់ ចែកចេញជា ១៨ថ្នាក់ ដែលនឹងសាងសង់នៅមុខក្រសួងពាណិជ្ជកម្មក្នុងដំណាក់កាលបន្ទាប់។
លោកស្រីឧកញ៉ា លឹម ឈីវហួរ បានថ្លែងថា ការបង្កើតសាលាដែលមានកម្រិតបណ្តុះបណ្តាលអន្តរជាតិនេះ គឺជាបំណងប្រាថ្នារបស់លោកស្រីក្នុងការចូលរួមចំណែកលើកកម្ពស់ការអប់រំ ដើម្បីបណ្តុះធនធានចំណេះដឹងនៅកម្ពុជាសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល។
លោកស្រីឧកញ៉ា បានថ្លែងថា «ខ្ញុំតែងតែសុបិន្តថា ចង់បើកសាលាមួយកម្រិតអន្តរជាតិ ចង់បង្រៀនក្មេងពីមតេយ្យ រហូតដល់ថ្នាក់ទី១២ ក្មេងហ្នឹងចេញមក នឹងមានការងារធ្វើ។ ខ្ញុំស្វែងរកដៃគូដ៏ត្រឹមត្រូវមួយចង់បានសាលាមួយល្អ ពេលខ្ញុំទៅប្រជុំនៅអាស៊ាន យើងទស្សនកិច្ចនៅគ្រប់ប្រទេសទាំងអស់ យើងឃើញសាលាគេ ក្មេងមានភាពឆ្លាតវាងវៃ។ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសយើង យើងត្រូវបង្រៀនក្មេងពីមតេយ្យឡើងទៅ គួរធ្វើយ៉ាងម៉េចខ្លះដើម្បីអភិវដ្ឍន៍ខ្លួនផង និងអភិវឌ្ឍន៍ប្រទេសរបស់យើងផង»។
នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ លោកស្រីឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំសាលាបានធ្វើកម្មវិធីមួយ ដើម្បីបង្ហាញពីកម្មវិធីអប់រំរបស់ខ្លួនជូនទៅអាណាព្យាបាលសិស្ស។ កម្មវិធីនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួមជាច្រើនពីអាណាព្យាបាល ដែលភាគច្រើនជាជនចិនកំពុងធ្វើការ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។
អាណាព្យាបាល បានបង្ហាញការចាប់អារម្មណ៍ខ្លាំងណាស់ផងដែរ ចំពោះកម្មវិធីអប់រំនៅក្នុងសាលាកម្រិតអន្តរជាតិមួយនេះ។ លោក ឈឹន ជឿហ៊្វូ នាយកគ្រប់គ្រងសាលា បានថ្លែងថា ការសិក្សានៅទីនេះ នឹងធ្វើឡើងព្រមគ្នា ៣ភាសា គឺភាសាខ្មែរ ចិន និងអង់គ្លេស ចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២តែម្តង។
លោក ឈឹន ជឿហ៊្វូ បានបញ្ជាក់ដែរថា គ្រូៗដែលបណ្តុះបណ្តាលនៅសាលានេះ គឺសុទ្ធតែមានចំណេះជំនាញខ្ពស់ក្នុងការអប់រំមកពីប្រទេសចិន ហ្វីលីពិន អូស្ត្រាលី អង់គ្លេស និងអាមេរិកជាដើម។ បើតាមលោក ឈឹន ជឿហ៊្វូ បានឲ្យដឹងថា សិស្សដែលបញ្ចប់កម្រិតសិក្សាថ្នាក់ទី១២ ពីសាលានេះ គឺអាចបម្រើការងារបាន ហើយក៏អាចបន្តការសិក្សានៅប្រទេសចិន អូស្ត្រាលី អង់គ្លេស អាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបផងដែរ។
លោកស្រី Pi Pa នាយកគ្រប់គ្រងផ្នែកភាសាអង់គ្លេស បានថ្លែងថា ការបណ្តុះបណ្តាលក្នុងសាលានេះ នឹងយកតាមប្រព័ន្ធអប់រំកម្រិងអន្តរជាតិ IB ដែលផ្តោតជាសំខាន់លើការបណ្តុះសមត្ថភាព និងជំនាញរបស់សិស្ស ឲ្យមានសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនងនៅក្នុងសង្គម សមត្ថភាពក្នុងការគិត សមត្ថភាពក្នុងការនិយាយ សមត្ថភាពក្នុងការស្រាវជ្រាវ និងសមត្ថភាពក្នុងការគ្រប់គ្រង ឬ ម្ចាស់ការលើខ្លួនឯង។
សម្រាប់តម្លៃសិក្សានៅក្នុងសាលាកម្រិតអន្តរជាតិមួយនេះ សម្រាប់ថ្នាក់មតេយ្យចន្លោះពីជាង ៩ពាន់ដុល្លារ ដល់ជាង ១ម៉ឺនដុល្លារក្នុងមួយ ឆ្នាំ ហើយសម្រាប់ថ្នាក់បឋមវិញ តម្លៃចាប់ពីជាង ១ម៉ឺន ៤ពាន់ដុល្លារ រហូតដល់ជា ១ម៉ឺន ៦ពាន់ដុល្លារអាមេរិក៕