(កណ្តាល)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក វង្សី វិស្សុត សមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធាន គណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល បានអញ្ជើញជាអធិបតី នៅក្នុងពិធីមីទ្ទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ទាំងមន្រ្តីគណបក្ស មកពីមូលដ្ឋានភូមិ ឃុំ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល យ៉ាងច្រើនកុះករ។
អង្គពិធីទាំងមូលបានសំដែង នូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ មិនអាចបំភ្លេចបាន ចំពោះពលិកម្មដ៏ធំធេង របស់គណបក្ស ក្នុងបុព្វហេតុប្រជាជន និងប្រទេសជាតិ ហើយចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល៦៦ឆ្នាំមកហើយ ដែលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវសារជាតិ របស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេច សមិទ្ធ ផលធំៗ ជាប្រវតិ្តសាស្រ្តយ៉ាងច្រើនជូនជាតិ។
ហើយទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែឈរ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពិលិកម្មឥត រួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អាព្យាក្រឹត និងវឌ្ឍនភាពសង្គម។
នៅក្នុងរយៈពេល ៦៦ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ធ្លាប់បានឆ្លងកាត់ភាពស្មុគស្មាញ និងការលំបាកឥតគណនា ព្រមទាំងការឈឺចាប់គ្រប់បែបយ៉ាង តែគណបក្សនេះនៅតែខិតខំតស៊ូ ពុះពារធ្វើពិលិកម្មនៅគ្រប់ ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពដែនដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា ជាពិសេសបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ពលពត និងបានដើរតួនាទី ជាកម្លាំងស្នូលរបស់ជាតិ ក្នុងដំណើរស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ព្រោះបើគ្មានគណបក្ស ប្រជាជន កម្ពុជាទេគឺក៏ពិតពុំមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយពិតណាស់ គឺក៏ពុំមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងព្រះរាជាណាចក្រទី២នេះ ផងដែរ។
នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានអ្នកណាអាចបំភ្លៃបាន។ ក៏ប៉ុន្តែ សង្គ្រាមដែល ទើបនឹងបញ្ចប់ទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ បាននាំមកវិញនូវឯកភាពជាតិ និង ឯកភាពទឹកដី ដែលប្រជាជាតិខែ្មរបានបាត់បង់រាយរយឆ្នាំមកហើយនោះ ហើយប្រទេសជាតិទាំងមូល ស្ថិតក្នុង ដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ រដ្ឋាភិបាលតែមួយ និងកងទ័ពតែមួយ។
ឈរលើពន្លឺនៃសន្តិភាពនេះ និងដោយមានការដឹកនាំត្រឹមត្រូវ គណបក្សប្រជាជន សម្រេចបាននូវសមិទ្ធផល និងគោលដៅអភិវឌ្ឍធំៗជាច្រើនរាប់មិនអស់ ជូនប្រទេសជាតិ និងប្រជាជននៅក្នុងរយៈពេលជិត ពីរទស្សវត្ស ចុងក្រោយនេះ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ហើយបាននិងកំពុងផ្តល់នូវក្តីសង្ឈឹម និង ឱកាសជូនប្រជាជនគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ។
ក្នុងស្មារតីនេះ អង្គពិធីទាំងមូលសូម បន្តចូលរួម ថែរក្សា និងពង្រីករាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសការពារឲ្យបានដាច់ខាតនូវសន្តិភាព ឲ្យស្ថិតស្ថេរគង់ វង្សជារៀងរហូត ដើម្បីធានានូវភាពសុខសាន្តជូនប្រជាជន និងការអភិវឌ្ឍជូនប្រទេសជាតិ។ដោយផ្តើមចេញពីជ័យជំនះ របស់គណបក្ស នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ, មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ នឹង ខិតខំបម្រើប្រជាជនដោយស្មោះត្រង់ ហើយបន្តខិតខំកែលំអរចំណុចអសកម្មទាំងឡាយ ស្របតាមអភិក្រម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីបន្តថែរក្សាភាពដឹកមុខ របស់គណបក្សឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខជាបន្តទៀត ៕