(ភ្នំពេញ)៖ ការផ្សារភ្ជាប់ទំនាក់ទំនង រវាងមាតាបិតាសិស្ស និងគ្រូបង្រៀន គឺជាចំណុចដ៏ល្អមួយ ដែលអាចឲ្យដឹងពីចំណុចល្អ ចំណុចខ្វះខាតរបស់កូនៗអ្នកបាន និងជម្រុញធ្វើយ៉ាងណាឲ្យពួកគេទទួលបាននូវចំណេះដឹងកាន់តែប្រសើរ ក្រមសីលធម៌ និងសុជីវធម៌ល្អ ក្នុងការរស់នៅក្នុងសង្គម នេះបើតាមលោកស្រី ប៊ុន ណារី អគ្គនាយិកាសាលា New gateway International School។
លោកស្រី បានបន្តថា អាស្រ័យដូច្នេះហើយទើបសាលា New gateway International School តែងតែរៀបចំកម្មវិធី ជំនួបរវាងមាតា បិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើឡើង។
លោកស្រី ប៊ុន ណារី បានថ្លែងឲ្យដឹងថា សាលារៀនបានរៀបចំកម្មវិធីជំនួបនេះ ឡើងដើម្បីផ្លាស់ប្ដូរយោបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កែលម្អលើកង្វះខាតមួយចំនួនរបស់កូនៗធ្វើយ៉ាងណាឲ្យពួកគេទទួលបានចំណេះដឹងសីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូ និងពង្រឹងការអប់រំឲ្យមានការអភិវឌ្ឍកម្រិតខ្ពស់ផងដែរ។
សាលាមានកាតព្វកិច្ចមិនត្រឹមតែបង្រៀនសិស្សឲ្យចេះទន្ទេញ សសេរ និងយល់ដឹងតាមទ្រឹស្ដីនៅក្នុងមេរៀន និងសៀវភៅប៉ុណ្ណោះទេ តែបានជួយកែប្រែឥរិយាបថ និងរបៀបរបបដែលមិនល្អ អសីលធម៌គឺជាបន្ទុកចាំបាច់របស់សាលា។ លោកគ្រូ អ្នកគ្រូមានកាតព្វកិច្ចមុនគេក្នុងការណែនាំ អប់រំ និងរិះរកវិធានការផ្សេងៗដើម្បីធ្វើឲ្យប្រសើរឡើងនូវទម្លាប់ល្អ ទម្លាប់ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ និងមានសីលធម៌ល្អ។
លោកស្រីអគ្គនាយិកាបានថ្លែងបញ្ជាក់ទៀតថា «ការទទួលជោគជ័យក្នុងការអប់រំបុត្រធីតា មិនអាចពឹងផ្អែកតែលើសាលារៀនទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យមានការសហការយ៉ាសកម្ម និងយកចិត្តទុកដាក់ខ្ពស់ជាពិសេស តាមដានការសិក្សារបស់កូនៗ ពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សគ្រប់រូប ដោយមិនអាចខ្វះបាន។ ការចូលរួមរបស់មាតាបិតា អាណាព្យាបាលក្នុងការអប់រំជាកត្តាសំខាន់បំផុត និងទទួលបាននូវលទ្ធិផលយ៉ាងល្អប្រសើរ ដូចជាសិស្សទទួលបានលទ្ធិផលល្អ ក្នុងកាសិក្សា អត្រាការប្រឡងជាប់ខ្ពស់ ព្រមទាំងសិស្សទាំងអស់អាចជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹ និងសកម្មភាពក្មេងទំនើងជាដើម»។
សូមបញ្ជាក់ថា កម្មវិធីជំនួបរវាងមាតាបិតាអាណាព្យាបាលសិស្ស ជាមួយគ្រូបង្រៀន ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតាសិស្ស ជាមួយសាលាដើម្បីផ្សាស់ប្ដូរយោបល់ និងធ្វើយ៉ាងណាឲ្យការសិក្សា របស់កូនៗទទួលបានជោគជ័យខ្ពស់ និងក្លាយជាបគ្គុលល្អ ក្នុងសាលា ក្នុងគ្រួសារ និងក្នុងសង្គមជាតិ៕