(កែប)៖ បុរសម្នាក់ដែលបានបន្លំខ្លួនជាព្រះសង្ឃ ​ដើរបិណ្ឌបាត្រដើម្បីទិញថ្នាំញៀន ហើយត្រូវកម្លាំងនគរបាលខេត្តកែបចាប់ខ្លួន ពេលនេះត្រូវបានសាលាដំបូងខេត្តកំពត ​​បង្គាប់ឲ្យឃុំខ្លួន ក្រោមបទចោទប្រកាន់ចំនួន៣។

តាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាពទទួល​បាននៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលចេញដោយ លោក លាង ឈន ចៅក្រមស៊ើបសួរសម្រេចដាក់ជននេះ ស្ថិតក្រោមការពិនិត្យពីបទ ប្រើប្រាស់សារធាតុញៀន, ស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ និងប្រើប្រាស់ឯកសារក្លែង។

សូមបញ្ជាក់ថា ​ជនសង្ស័យដែលបន្លំជាព្រះសង្ឃនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ក្រោយរឿងគ្រោះថ្នាក់ចរាចរណ៍។ លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ​បានបញ្ជាក់ថា តាមការសាកសួរ ឈ្មោះ ម៉ី ងួន បានឆ្លើយថា រូបគេបន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្រ​យកលុយ ទិញគ្រឿងញៀនជក់តាំងពីដើមខែមិថុនា ឆ្នាំ២០១៧ ដែលចាប់ផ្តើមធ្វើសកម្មភាព នៅខេត្តបន្តាយមានជ័យ, បាត់ដំបង, សៀមរាប​, កំពង់ធំ​, កំពង់ឆ្នាំង, ភ្នំពេញ, កំពង់ស្ពឺ, ព្រះសីហនុ, កំពត, កែប ក្នុងរយៈពេល១៥ថ្ងៃ បានប្រាក់ចំនួន ៥,០៩០,០០០រៀល។

លោកស្នងការបន្ថែមថា តាមចម្លើយសារភាព ​នៅខេត្តកែបរយៈពេលមួយព្រឹក គេដើរបិណ្ឌបាត្របានប្រាក់ ២៦០,០០០រៀល ហើយក៏ត្រូវឃាត់
ខ្លួនតែម្ដង។ ក្នុងនោះបក្ខពួកគេមានគ្នា៤នាក់ មកខេត្តកែប​២នាក់ និងចុះធ្វើសកម្មភាពនៅទីរួមខេត្តកំពត២នាក់៕