(កណ្ដាល)​៖ ​ជនត្រូវចោទ​ពីរ​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់​ ត្រូវ​បាន​លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ឃុំខ្លួនដាក់ពន្ធនាគារ នៅល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន»​ ។

របាយការណ៍​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​​ បានបង្ហាញ​ថា​ ករណី​បង្ក្រាប​បទល្មើស​នេះ​ កើត​ឡើង​កាលពី​ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​ចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ។ ជនត្រូវចោទ​ទាំង​ពីរ​នាក់​ឈ្មោះ​ ​ឡុង សុភក្ត្រា អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង​មានមុខរបរបើករថយន្ដ​ និង​ ឈ្មោះ អ៊ុ សុភា  អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរ​អណ្តូង​ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង មានមុខរបរកម្មករកាប់ជ្រូក ។

ក្នុង​ប្រតិបត្តិការ​ឃាត់​ខ្លួន​នេះ​ នគរបាល​រកឃើញ​ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក សង្ស័យសារធាតុញៀន១៧កញ្ចប់ ក្នុង​នោះ​តូច១៥កញ្ចប់ធំនិង​២កញ្ចប់​តូច​ ម៉ូតូ​២គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧  ស្លាក​លេខកណ្ដាល1U-5235និងម៉ូតូម៉ាកXR​ស្លាក​ លេខ​ពណ៌ក្រហម​ សម្ភារ:សម្រាប់ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ៕