(ភ្នំពេញ)៖ ជាមួយនឹងការលើកទឹកចិត្ត និងពង្រឹងជំនាញដល់បុគ្គលិករបស់ខ្លួន ហាងនំប៉័ង TOUS les JOURS បានរៀបចំការប្រកួតប្រជែងផ្នែកកាហ្វេ និងភេសជ្ជៈ ហើយកម្មវិធីនេះ បានរកឃើញម្ចាស់ជ័យលាភី៣នាក់ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ។
ម្ចាសជ័យលាភី ក្នុងកម្មវិធី Barista Challenge ឆ្នាំ២០១៧ ដែលធ្វើឡើងនៅហាង TOUS les JOURS សាខាផ្សារទំនើបអ៊ីអន នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ រួមមាន ជ័យលាភីលេខ១ បានទៅលើបេក្ខនារីឈ្មោះនៅចន្ធា ដែលជាបុគ្គលិកឆុងកាហ្វេមកពីហាង TOUS les JOURS សាខាមហាវិថីព្រះសីហនុ ដោយកញ្ញាទទួលបាន ពានរង្វាន់តំណាងជ័យលាភីមេដៃមាស ទឹកប្រាក់សុទ្ធ ១លាន២សែនរៀល និងសំបុត្រយន្តហោះដើរកំសាន្តទៅកាន់ប្រទេសថៃ សម្រាប់មនុស្សពីរនាក់។ ចំណែកជ័យលាភីលេខ២ អមដោយរង្វាន់មេដៃប្រាក់ បានទៅលើបេក្ខជន ស៊ុល រ៉វី ដែលជាបុគ្គលិកមកពីហាង TOUS les JOURS សាខាម៉ុងឌីយ៉ាល់ ខណៈដែលបេក្ខជន ញិល វីរៈ មកពីហាង TOUS les JOURS សាខាផ្សារទំនើបសុរិយា ទទួលបានជ័យលាភីលេខ ៣អមដោយរង្វាន់មេដៃសំរិទ្ធ។
លោក គួច សុខលី អគ្គនាយកក្រុមហ៊ុន យីនកុក ហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនបើកដំណើរការហាង TOUS les JOURS នៅប្រទេសកម្ពុជា បានឱ្យដឹងថា កម្មវិធី Barista Challenge ឆ្នាំ២០១៧ ដែលប្រកួតប្រជែងឆុងកាហ្វេ និងភេសជ្ជៈ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញថា TOUS les JOURS មិនត្រឹមតែជាហាងនំប៉័ង ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ពិសេសឈានមុខគេតែប៉ុណ្ណោះទេតែហាង TOUS les JOURS ក៏មានបុគ្គលិកពោរពេញដោយជំនាញ និងទេពកោសល្យ ស្របតាមស្តង់ដារអន្តរជាតិ។
បេក្ខនារីនៅ ចន្ធា បានដែលទទួលបានលេខ១ ក្នុងកម្មវិធីនេះ បានឱ្យដឹងថា «ខ្ញុំរំភើបស្ទើរតែស្រក់ទឹកភ្នែក ព្រោះនេះជាឱកាសដ៏ពិសេសបំផុតអាចបញ្ជាក់ថា សមត្ថភាព ឆុងកាហ្វេរបស់ខ្ញុំ ត្រូវបានទទួលស្គាល់ដោយគណៈកម្មការជំនាញប្រាកដមែន»។
កម្មវិធី Barista Challenge ឆ្នាំ២០១៧ បានចាប់ផ្តើមវគ្គប្រកួតជម្រុះវគ្គទី១ ចាប់ពីដើមខែមិថុនា ឆ្នាំ ២០១៧ ដោយមានការប្រកួតប្រជែងរវាងបុគ្គលិកទាំងអស់នៅតាមហាង TOUS les JOURS ផ្ទាល់ចំនួន ១១ សាខាទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងការឆុងកាហ្វេនិងភេសជ្ជៈពិសេសសុរបចំនួន ៣ ប្រភេទ។
បេក្ខជនដែលឈ្នះការប្រកួតប្រជែងប្រចាំហាងនីមួយៗសរុបទាំងអស់ចំនួន ១១ នាក់ បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅហាង TOUS les JOURS ផ្សារទំនើបអ៊ីអន ដោយប្រកួតឆុងកាហ្វេចំនួន ៣ ប្រភេទ គឺកាហ្វេកាពុស៊ីណូ អ៊ីសប្រេសសូ និងភេសជ្ជៈពិសេសបង្កើតថ្មីដោយខ្លួនឯង ក្រោមការចូលរួមដាក់ពិន្ទុនិងវាយតម្លៃ យ៉ាងសម្រិតសម្រាំងពីសំណាក់គណៈកម្មការជំនាញចំនួន ៦ រូបទៅលើបច្ចេកទេស រសជាតិ ក្លិន និងសិល្បៈក្នុងការតុបតែងលម្អររបស់បេក្ខជននីមួយៗ៕