(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសថា កងពលអន្តរាគមន៍ទាំងអស់ ត្រូវតែត្រៀមខ្លួនជាស្រេចគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន, ក្រសួងការពារជាតិ អគ្គបញ្ជាការ ក្នុងការពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យបូរណភាពទឹកដីឲ្យបានរឹងមាំ។
ការប្រកាសរបស់នាយឧត្តមសេនីយ៍ គន់ គីម ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នវរសេនាតូចរៀបរយ និងបណ្តាទ័ពជំនាញឆ្នាំ២០១៧ របស់កងពលធំអន្តរាគមន៍លេខ២ នៅទីបញ្ជាការមុខជើងភ្នំតំបន់ ប្រាសាទតាមាន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងនោះក៏ការចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងមេបញ្ជាការកងឯកភាពជួរមុខទិសយោធភូមិភាគទី៤ និងចំណុះកងពលធំលេខ២ ព្រមទាំងសិក្ខាកាម ១,៥០៦នាក់។
នាយឧត្តមសេនីយ គន់ គីម បានបញ្ជាក់ថា សន្តិភាពជាឱកាសមាស របស់កងទ័ពក្នុងការងារកែទម្រង់ លើគ្រប់វិស័យ ពិសេសលើការងារហ្វឹកហ្វឺន ដូច្នេះគ្រប់កងឯកភាពទាំងអស់ ត្រូវបន្តស្នាដៃដ៏ល្អបន្តថែមទៀត ពិសេសត្រូវយកចិត្តទុកដាក់ បង្កើនសកម្មភាពការងារហ្វឹកហ្វឺន លើគ្រប់ជំនាញឲ្យកងទ័ព កាន់តែមានសមត្ថភាពយកចិត្តទុកដាក់ជំរុញការងារអប់រំ ចិត្តសាស្ត្រ អប់រំសតិអារម្មណ៍ ឲ្យដល់នាយពលទាហានកាន់តែមានឆន្ទះ ស្នេហាជាតិ ក្នុងការចូលរួមបម្រើឲ្យ បុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះមុខកងពលធំអន្តរាគមន៍លេខ២ ដែលបានចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដែលក្នុងនោះខេត្ត ឧត្តរមានជ័យទាំងមូល គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជា តារា បានសំដែងការលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារ ប្រកបដោយកិច្ចសហការល្អរបស់នាយទាហាន គ្រប់កងឯកភាពចំណុះឲ្យកងពលធំអន្តរាគម៍លេខ២ បានយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី នៃកម្ពុជាបានយ៉ាងរឹងមាំ ដូចដែលបានធ្វើក្នុងព្រឹត្តិការណ៍វាយប្រយុទ្ធឆ្នាំ២០១១កន្លងទៅ។
ឧត្តមសេនីយ៍ឯក កែវ ធី នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងសិក្ខាកាមបានប្តេជ្ញា ដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រមុខ រាជរដ្ឋាភិបាលស្របច្បាប់ ដែលផុសចេញពីឆន្ទៈ ពិតៗរបស់ប្រជាជន និងសូមគាំទ្រទាំងស្រុងនូវបេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិក្រោយៗទៀតជារៀងរហូត៕