អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប ពិភាក្សាគ្នាលម្អិតលើការបង្កើតគណៈកម្មការចម្រុះ ដើម្បីអនុវត្តការងារ រុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ
01-07-2017 12:23
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប បានជួបពិភាក្សាគ្នាដើម្បីបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីអនុវត្តការងាររុះរើសំណង់ ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ នៅរសៀលថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅ សាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករង និងជាតំណាងអគ្គនាយក អាជ្ញាធរជាតិអប្សរា និងលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីស្នងការ នគរបាលខេត្តកងរាជអាវុធ ហត្ថខេត្ត អភិបាលស្រុកទាំង៥ ដែលជាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ការជួបជុំពិភាក្សាគ្នាពេលនេះ បានធ្វើឡើងក្រោយពីលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឲ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និង កម្លាំងសមត្ថកិច្ចទាំងអស់សហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូណេស្កូ ទៅតាម គ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់ អនាធិបតេយ្យក្នុងតំបន់អង្គរឲ្យខាងតែបាន ដើមី្បធ្វើការទប់ស្កាត់ រាល់ហានិភ័យណាមួយដែលអាចនឹងកើតឡើង ចំពោះបេតិកភណ្ឌពិភពលោកអង្គរ។
យោងខ្លឹមសារនៃកិច្ចប្រជុំនាពេលនេះ គណៈកម្មការចម្រុះនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីអនុវត្ត ការងាររុះរើសំណង់ខុសច្បាប់ ឲ្យបានទាន់ពេលវេលា។ អង្គប្រជុំក៏បានសម្រេចផងដែរ ដើម្បីបង្កើនការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយបន្ថែមទៀត ឲ្យប្រជាពលរដ្ឋ ជាម្ចាស់សំណង់ខុសច្បាប់ទាំងអស់ស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាត នៅពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តការងារ៕