(ភ្នំពេញ)៖ ក្រុមហ៊ុន អេស៊ា ខនធឺណិន & ឌីវេឡុបម៉ិន ដែលក្រុមហ៊ុនវិនិយោគរបស់ប្រទេសសឹង្ហបុរី ក្រោមទុនសរុបប្រមាណ៩០លានដុល្លារសហរដ្ឋអាមេរិក មានឈ្មោះថា Sky Thirthy-One (Sky 31) មានកម្ពស់៣១ជាន់ បានរៀបចំកម្មវិធីបិទបញ្ចប់គម្រោងចាក់បេតុង គម្រប់៣១ជាន់របស់ខ្លួន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់អ្នកវិនិយោគិន ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ខ្លួន ជាច្រើននាក់។
ប្រធានក្រុមហ៊ុន អេស៊ា ខនធឺណិន & ឌីវេឡុបម៉ិន លោក Gang Chhee Keong បានថ្លែងឲ្យដឹងថា ដោយមើលឃើញពីសក្ដានុពល នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានសន្ទុះកើនឡើងជាលំដាប់ ជាពិសេសវិស័យលំនៅដ្ឋាន អាគារស្នាក់នៅ និងអាគារខុនដូរ មានការរីកលូតលាស់ គួរឲ្យកត់សម្គាល់នោះ ក្រុមហ៊ុនរបស់លោក បានសម្រេចបណ្ដាក់ទុន ក្រោមទឹកប្រាក់ប្រមាណ៩០លានដុល្លារ ដើម្បីសាងសង់អាគារខុនដូរនេះឡើង ក្រោមឈ្មោះថា Sky Thirthy-One (Sky 31) ដែលមានកម្ពស់៣១ជាន់ ស្ថិតនៅលើទីតាំងដ៏ល្អ សម្រាប់ការរស់នៅប្រកបដោយ ភាពស៊ីវិល័យ។
លោកបន្តថា ថ្ងៃនេះ Sky Thirthy-One (Sky 31) បានរៀបចំពិធីបិទបញ្ចប់នូវគម្រោងចាក់បេតុងរបស់ខ្លួន ដែលបានស្ថាបនាឡើង ស្របតាមស្ដង់ដារអន្តរជាតិ នូវគ្រោង និងម៉ូតអាគារ ប្រកបដោយជោគជ័យ។ Sky Thirthy-One (Sky 31) មានរចនាបទដ៏ល្អប្រណិត មានការបំពាក់នូវបរិក្ខារប្រើប្រាស់ ប្រកបដោយគុណភាព ទំំនើប ដែលធ្វើឲ្យជីវិតរស់នៅរបស់លោកអ្នក ទទួលបាននូវផាសុខភាព ទាន់សម័យ និងលក្ខណៈពិសេសជាច្រើនទៀត។ គម្រោងនេះនឹងអាចឲ្យអតិថិជន ចូលមករស់នៅបាន នៅដើមឆ្នាំ២០១៨ ខាងមុខនេះ។
ប្រធានក្រុមហ៊ុនជាជនជាតិសឹង្ហបុរីរូបនេះ បានបន្តទៀតថា ខុនដូរ Sky Thirthy-One (Sky 31) ជាខុនដូរលំដាប់អន្តរជាតិ ត្រូវបានរចនាឡើងស្របតាម ការចង់បានរបស់អតិថិជន ជាពិសេសឲ្យត្រូវនឹងការវិវឌ្ឍរបស់បងប្អូន ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្ដូររបៀបរបបរស់នៅ ដើម្បីឲ្យសមស្របទៅតាមសម័យកាល ដ៏ស៊ីវីល័យ និងបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ន ឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈរ នៃវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា Sky Thirthy-One (Sky 31) មានទីតាំងស្ថិតនៅ ក្បែរសាកលវិទ្យាល័យវេសស្ទើនអន្តរជាតិ ផ្លូវលេខ៥២៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាទីប្រជុំជនកណ្ដាលក្រុង ស័ក្តិសមបំផុតសម្រាប់ការរស់នៅ៕