(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក បានក្រើនរំលឹកដល់មន្រ្តីគណបក្សនៅមូលដ្ឋានឃុំវាលម្លូរក៏ដូចជាបណ្តាលឃុំ ដទៃទៀតនៅទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្តខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រឈាន ទៅដណ្តើមយកឈ្នះឲ្យខាងតែបាន ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នាឆ្នាំ២០១៨ ខាងមុខនេះ។

ការថ្លែងបែបនេះ ខណៈលោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំវាលម្លូរ ខេត្តត្បូងឃ្មុំ និងពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណជាង ៦០០នាក់។

លោក វង សូត បានឲ្យដឹងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃគម្រប់ខួប ៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។ លើសពីនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់ឥតប្រែប្រួលរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានខិតខំកសាងសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ ក្នុងរយៈពេលជាង ៣៨ ឆ្នាំមកនេះ ។

លោកប្រធានក្រុមការងារ បានបន្ថែមថា ការប្រារព្ធខួបនេះឡើង ក្នុងគោលបំណងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនា ដែលបានតស៊ូពុះពារ ធ្វើពលីកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។

លោក វង សូត បន្តថា ខួបអនុស្សាវរីយ៍នេះ ក៏បានប្រព្រឹត្តឡើងក្នុងសភាពការណ៍ ដែលប្រទេសជាតិកំពុងមាន សន្តិភាពពេញលេញ មានស្ថេរភាពនយោនបាយរឹងមាំ មានការអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ និងស្របពេលដែលប្រជាជនកម្ពុជាកំពុងអបអរសាទរចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

ផ្អែកលើជ័យជំនះនេះ គណបក្សប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើសេវាជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឈានទៅការដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឆ្នាំ២០១៨ ខាងមុខនេះ។

លោក វង សូត បានគូសបញ្ជាក់បន្ថែមទៀតថា ឆ្លងតាមការស្តារប្រទេសជាតិពីបាតដៃទទេររហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីការដឹកនាំដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយត្រឹមត្រូវ មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានវិន័យម៉ឺងម៉ាត់ និងរបៀបរបបធ្វើការម៉ត់ចត់ មានធនធានមនុស្សដ៏ច្រើនកុះករប្រកបដោយគុណធម៌ សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។
ទាំងអស់នេះហើយគឺជាកត្តាដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាមានជ័យជំនះដោយទទួលបានការគាំទ្រ និងមានការជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមជម្រាបថា អគារទីស្នាក់ការគណបក្សនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដី​ទំហំ​ (៣៨ម៉ែត្រ គុណ ១០០ម៉ែត្រ) ដែលមានអគាររដ្ឋបាល១ខ្នងទំហំ​(៩ម៉ែត្រ គុណ១២ម៉ែត្រ) ដោយចំណាយថវិកា អស់ប្រមាណ ជាង៤ម៉ឺនដុល្លារ សហរដ្ឋអាមេរិក៕